សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផែនការយុទ្ធសាស្ត្រ ធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពី ការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដោយត្រូវធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឲ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញបើកកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ គឺជារឿងចាំបាច់ ព្រោះសម្ដេចបានផ្ដល់តម្លៃដល់បណ្ណសារដ្ឋានជាតិ មានតម្លៃថ្លៃជាងមាសដុំទៅទៀត ព្រោះទីនេះអាចធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះខាងមុខ ខ្ញុំសូមឲ្យទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវរៀបចំផែនការយុទ្ធសាស្រ្តស្ដីពីការ ទំនើបកម្មបណ្ណសារដ្ឋានជាតិ ឲ្យបានឆាប់តាមអ្វីតាមតែអាចធ្វើទៅបាន ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឲ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និងពិភពលោកនាពេលនេះ។ ទី២ ទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការកែលម្អ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណសារដ្ឋាន ឲ្យកាន់តែប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឲ្យបានសមស្របជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ»។

ជាងនេះទៅទៀតសម្ដេចបវរធិបតី បានជម្រុញឲ្យកែលម្អអគារដែលមានស្រាប់ ឲ្យបានសមស្របដោយត្រូវមានបន្ទប់ធ្វើការ និងបន្ទប់រក្សាទុកឯកសារត្រឹមត្រូវតាមនិយាមបច្ចេកទេស (Climate-controlled Archives), ព្រមទាំង រៀបចំផែនការកសាងពង្រីកអគារបន្ថែម ដែលមានលក្ខណៈជាស្ថាបត្យកម្មជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិ ឲ្យបានសមរម្យ។

បន្ថែមពីការជម្រុញឲ្យមានការកែលម្អអគារ សម្ដេចក៏បានសង្កត់ធ្ងន់ថា ត្រូវរក្សាទ្រង់ទ្រាយដើម ឬប្រឹងប្រែងស្វែងរកសម្ភារកែលម្អរណា ដែលប្រហាក់ប្រហែលគ្នា ឬដូចដើម ដើម្បីបន្តជាទីតាំងមានតម្លៃជាប្រវត្តិសាស្រ្តផង និងជាកន្លែងសិក្សារៀនសូត្រផងដែរ៕



 

Powered by Blogger.