ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា

 អត្ថបទ៖ ទឹង សុភាព

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កេង សុម៉ារិទ្ធ បានអញ្ជើញដឹកនាំក្រុមការងារជួបពិភាក្សាការងារលើការពិនិត្យលទ្ធភាពក្នុងការសហការរៀបចំប្រព័ន្ធផ្ទុកទិន្នន័យម្រាមដៃជាមួយតំណាងស្ថានទូតសហរដ្ឋអាម៉េរិក។

នៅក្នុងជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានគោលបំណងដើម្បីពិភាក្សាពិនិត្យលទ្ធភាពក្នុងការសហការលើរបៀបវារៈចំនួន៣​ ដូចខាងក្រោម៖

១-កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្កែន និងថតចម្លងស្នាមម្រាមដៃជាប្រព័ន្ធឌីជីថល

២-ស្នើផ្តល់ជំនួយជាប្រព័ន្ធស្នាមម្រាមដៃឌីជីថល ដោយឥតគិតថ្លៃពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា

៣-ផ្តល់ការបណ្តុះបណ្តាលបន្ថែមពាក់ព័ន្ធនឹងការប្រមូលស្នាមម្រាមដៃ។

នៅក្នុងជំនួបនេះផងដែរក៏មានការចូលរួមធ្វើបទបង្ហាញពាក់ព័ន្ធនឹងឧបករណ៍​ប្រព័ន្ធ និងរបៀបនៃការប្រើប្រាស់ប្រព័ន្ធនៃការប្រមូលចងក្រងទិន្នន័យស្នាមម្រាមដៃរបស់សហរដ្ឋអាមេរិក ដោយភ្នាក់ងារពិសេស​មកពីអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក​, អ្នកឯកទេសផ្នែកអត្ដសញ្ញាណ​នៃអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងមន្ដ្រីស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស ស្ថានទូតអាមេរិកប្រចាំកម្ពុជា។​

គូសបញ្ជាក់ផងដែរថា ភ្នាក់ងារអនុវត្ដច្បាប់របស់ស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជាក៏បានធ្វើពិភាក្សាការងារនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន​៖ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃរួចមកហើយផងដែរ៕









 

Powered by Blogger.