ប្រជាពលរដ្ឋ និងអតីតយុទ្ធជន៣៥២គ្រួសារទទួលអំណោយសង្គមកិច្ចរបស់សម្តេចធិបតី

អត្ថបទ៖ ដេង ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមសម្រាលទុក្ខធុរៈ និងបង្កើនបរិយាកាសរីករាយក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈថ្នាក់ដឹកនាំខេត្ត អំណោយសង្គមកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនដល់ដៃអតីតយុទ្ធជន និវត្តន៍ជន ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងគ្រួសារ រងគ្រោះដោយគ្រោះធម្មជាតិ កាលពីរសៀលថ្ងៃទី១ខែតុលានេះ ។

ពិធីប្រគល់អំណោយនិង ត្រូវបានផ្តល់ឲ្យតាមរយៈ ឯកឧត្តម ឈៀង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ស្ថិតនៅបរិវេណសហគមន៍ទេសចរណ៍ព្រះរំកិល ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេស ប្រជាពលរដ្ឋងាយរងគ្រោះនៅតំបន់ដាច់ស្រយាល ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតី « មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ហើយអាជ្ញាធរមិនបានដឹង និងមិនបានជួយនោះឡើយ »។

លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា៖ អំណោយសង្គមកិច្ចដែលបានផ្តល់ជូននាពេលនេះ មានចំនួន៣៥២គ្រួសារ មកពីភូមិនានាក្នុងស្រុកបុរីអូរស្វាយសែនជ័យក្នុងនោះមាន៖ អង្ករចំនួន២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ និងត្រីខកំប៉ុង១យួរ ៕








Powered by Blogger.