អាមេរិក ប្រកាសដាក់ទណ្ឌកម្មលើវិស័យរថយន្ត និងផ្លូវដែករបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ថារដ្ឋបាលលោក ត្រាំ បានដាក់ទណ្ឌកម្មលើវិស័យផ្លូវដែក និងវិស័យរថយន្តរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមហ៊ុនបរទេសដែលជាអ្នកផ្គត់ផ្គង់ដល់អ៊ីរ៉ង់នៅក្នុងវិស័យនោះ។
ទណ្ឌកម្មលើវិស័យថ្មីនេះ
គឺជាផ្នែកមួយនៃប្រតិបត្តិការរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក
ហៅថាប្រតិបត្តិការផ្តាច់ផ្លូវសេដ្ឋកិច្ច «Operation Economic
Outcast» ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា
ក្នុងគោលដៅកាត់ផ្តាច់លំហូរហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់ សម្រាប់យកមកធ្វើសង្គ្រាម
ផលិតមីស៊ីល ការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណេត និងសម្រាប់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់
RGC។
ទណ្ឌកម្មកំណត់គោលដៅលើក្រុមហ៊ុន Iran
Khodro (IKCO) និងក្រុមហ៊ុន SAIPA Iranian Automobile
Manufacturing (SAIPA)។ តាមក្រសួងហិរញ្ញវត្ថុអាមេរិក
ក្រុមហ៊ុនទាំងពីរនេះគ្របដណ្តប់លើចំណែកទីផ្សាររថយន្តក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់ជាង
៩០ភាគរយ។ ទន្ទឹមនេះក្រសួងបានដាក់បញ្ចូលក្រុមហ៊ុនផ្លូវដែករបស់រដ្ឋអ៊ីរ៉ង់ (Islamic
Republic of Iran Railway Company) ដែលផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ
និងទំនិញ ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja (Raja Passenger Trains
Company) និងក្រុមហ៊ុន Sherkat-E Rah Ahan-E
Khamle-O-Naghle ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនឯកជនឈានមុខគេមួយក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវដែករបស់អ៊ីរ៉ង់
ទៅក្នុងបញ្ជីទណ្ឌកម្ម។ វិធានការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍របស់សហរដ្ឋអាមេរិក
ក៏នឹងកំណត់គោលដៅផងដែរ លើក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌូណេស៊ី អេមីរ៉ាតអារ៉ាប់រួម
និងតួកគីយ៉េ ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មរថយន្តរបស់អ៊ីរ៉ង់។
ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយកងកម្លាំងអាមេរិក
បានបង្ខំឱ្យទីក្រុងតេហេរ៉ង់ពឹងផ្អែកកាន់តែខ្លាំង លើមធ្យោបាយ ដឹកជញ្ជូនតាមផ្លូវគោក
និងផ្លូវដែក សម្រាប់ការដឹកជញ្ជូនប្រេង ជីគីមី សារធាតុគីមី និងទំនិញផ្សេងៗទៀត។
វិធានការថ្មីនេះនឹងបន្ថែមសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ រាប់ចាប់ពីផ្លូវគោកដល់ផ្លូវទឹក
បន្ទាប់ពីការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz
ត្រូវកាត់ផ្តាច់។ ប៉ុន្តែអ្នកវិភាគម្នាក់បានលើកឡើងថា
ការពង្រីកទណ្ឌកម្មអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់ទូទៅ៕ ប្រភព៖ Reuters

Post a Comment