ប្រមុខសិទ្ធិមនុស្ស UN ព្រមានថា បច្ចេកវិទ្យា AI អាចបង្កជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតចំពោះអត្ថិភាព របស់មនុស្សជាតិ
ហ្សឺណែវ៖ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Volker Türk បានចេញការព្រមាននៅថ្ងៃចន្ទថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចបង្កជាការគំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិ ព្រមទាំងបានប្តេជ្ញាដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យា AI ធំៗ ឱ្យកាត់បន្ថយហានិភ័យដែលអាចបង្កការរាំងស្ទះដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធប្រជាធិបតេយ្យ។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅក្នុងទីក្រុងហ្សឺណែវ លោក Türk បានគូសបញ្ជាក់ដូច្នេះថា
«ខ្ញុំយល់ស្របនឹងក្តីបារម្ភរបស់អ្នកជំនាញក្នុងវិស័យឧស្សាហកម្មនេះ
ដែលថាបច្ចេកវិទ្យា AI កម្រិតខ្ពស់អាចបង្កជាហានិភ័យដល់អត្ថិភាពរបស់មនុស្សជាតិ...
ខ្ញុំសូមអំពាវនាវនៅទីនេះ និងនៅថ្ងៃនេះ
ឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដាក់ចេញនូវការធានាដ៏រឹងមាំចំពោះសុវត្ថិភាព
និងសន្តិសុខនៃ AI មុនពេលដែលវាយឺតពេល»។
លោកប្រមុខសិទ្ធិមនុស្សបានព្រមានបន្ថែមថា
បច្ចុប្បន្នអំណាចស្ទើរតែគ្មានដែនកំណត់លើបច្ចេកវិទ្យា AI កំពុងស្ថិតនៅក្នុងដៃរបស់មនុស្សមួយក្រុមកំពូលប៉ុណ្ណោះ ខណៈដែលសមត្ថភាពរបស់ AI
កំពុងអភិវឌ្ឍលឿនជាងវិធានការការពារសុវត្ថិភាព។ លោកបានសង្កត់ធ្ងន់ថា «យ៉ាងហោចណាស់ យើងត្រូវការឱ្យបណ្តាប្រទេសដែលមានក្រុមហ៊ុន AI និងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ រួមគ្នាបង្កើតបន្ទាត់ក្រហមរួមមួយដែលត្រូវគោរពតាម»។
ក្រៅពីបញ្ហា AI លោក
Türk ក៏បានទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពជុំវិញករណីស្លាប់របស់ជនអន្តោប្រវេសន៍ប្រមាណ
២៣នាក់នៅក្នុងមណ្ឌលឃុំឃាំងរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ
ព្រមទាំងបានថ្កោលទោសចំពោះការប្រើប្រាស់យន្តហោះដ្រូនស្វ័យប្រវត្តដោយកងទ័ពរុស្ស៉ីនៅក្នុងសង្គ្រាមផងដែរ៕

Post a Comment