ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន!

ខេត្តក្រចេះ៖ តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០, ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគំរូដែលមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ និង ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា ហូកា»។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនិងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោក លោកស្រី ប្រតិបត្តករទេសចរណ៍, សហគមន៍ទេសចរណ៍, គ្រឹះស្ថានសិក្សា, អ្នកផលិតមាតិការព័ត៌មាន, និងសិក្ខាកាម ដែលមានអ្នកចូលរួមសរុប ប្រមាណ ៣០០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តក្រចេះ ឆ្នាំ២០២៦-២០៣០ នេះ គឺជាផែនទីបង្ហាញផ្លូវរួម និងជាក្របខ័ណ្ឌសកម្មភាពអនុវត្តជាក់ស្តែង សម្រាប់កៀរគរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍នៅខេត្តក្រចេះ កាន់តែមានគុណភាព និងបង្កើនភាពទាក់ទាញ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ក្នុងរយៈពេល៥ឆ្នាំទៀត ខេត្តក្រចេះ នឹងក្លាយទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេ នៅក្នុងតំបន់ភូមិភាគឦសាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា នៅក្នុងបរិបទដែលការប្រកួតប្រជែងទេសចរណ៍នៅក្នុងតំបន់កាន់តែខ្លាំង និងអាកប្បកិរិយាភ្ញៀវទេសចរកាន់តែផ្លាស់ប្តូរ បន្ថែមលើសក្តានុពលដែលមានស្រាប់ យើងត្រូវបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ កែលម្អ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញ ក៏ដូចជាពង្រឹងសន្តិសុខ សុវត្ថិភាព ដល់ភ្ញៀវទេសចរ ដើម្បីធានាថាខេត្តក្រចេះ អាចឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរជំនាន់ថ្មី និងដើរទាន់យុគសម័យនៃការប្រកួតប្រជែងជាមួយគោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ និងសកលលោកបាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ៖ ទី១).ការបន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តក្រចេះ និងពិនិត្យលទ្ធភាពបំផុសសក្តានុពលនៃទីតាំង ឬលំហសាធារណៈក្នុងខេត្ត ដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ដើម្បីបម្លែងឱ្យក្លាយជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញខ្ពស់។ ទី២).ការរៀបចំឱ្យមាននិទានកថា (Story Telling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយក្នុងសម័យទេសចរណ៍ទំនើប យើងមិនត្រឹមតែ “លក់ទីកន្លែង” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍” ត្រូវផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ, វប្បធម៌, ស្ថាបត្យកម្ម ជីវភាពរស់នៅ, អាហារ, និងលក្ខណៈពិសេសរបស់ទីតាំង ដែលមានភាពទាក់ទាញ និងមានភាពខុសប្លែក។ ទី៣).ការបង្កើត Branding របស់ខេត្តក្រចេះ ដែលផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តក្រចេះ ឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។ និងទី៤).ត្រូវពិនិត្យលទ្ធភាព បង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រីដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអបអរសាទរសិក្ខាកាមចំនួន ៥១ រូប ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ, វគ្គបណ្តុះបណ្តាលជំនាញមគ្គុទេសក៍ទេសចរណ៍ ដល់សហគមន៍ទេសចរណ៍កោះទ្រង់, វគ្គបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានអាជីវកម្ម និងសហគមន៍រៀងៗខ្លួន ប្រកបដោយវិជ្ជាជីវៈ, មានក្រមសីលធម៌, រក្សាស្នាមញញឹម ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ស្របតាមទស្សនទាន «មនុស្សម្នាក់, ជំនាញមួយ, សេវាមួយ, ស្តង់ដាមួយ» ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម បង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ និងធ្វើឱ្យខេត្តក្រចេះកាន់តែមានភាពទាក់ទាញ ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ស្តង់ដា និងភាពប្រកួតប្រជែងខ្ពស់៕












 

Powered by Blogger.