អាល្លឺម៉ង់ នឹងបញ្ជូនមីស៊ីល Patriot បន្ថែមទៅអ៊ុយក្រែន ព្រមទាំងព្រមានពីការវាយប្រហារកាន់តែខ្លាំងរបស់រុស្ស៉ីក្នុងរដូវរងា

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេស អាល្លឺម៉ង់នឹងបញ្ជូនគ្រាប់មីស៊ីលការពារដែនអាកាស Patriot បន្ថែមចេញពីស្តុកជាតិរបស់ខ្លួនទៅឱ្យប្រទេសអ៊ុយក្រែនជាបន្ទាន់ ព្រមទាំងបានព្រមានថារុស្ស៉ីទំនងជានឹងបង្កើនការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នៅពេលដែលរដូវរងាឈានចូលមកដល់។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃក្រុមប្រទេសគាំទ្រអ៊ុយក្រែន (Ukraine Defence Contact Group) លោក Pistorius បានបញ្ជាក់ថាលោកបានសម្រេចចិត្ត «បញ្ជូនជាបន្ទាន់» នូវគ្រាប់មីស៊ីលស្ទាក់ចាប់ប្រភេទ PAC-2។ លោកបានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែរុស្ស៉ីរុលទៅមុខបានយ៉ាងយឺតយ៉ាវនៅលើសមរភូមិជួរមុខ ទីក្រុងមូស្គូកំពុងព្យាយាមបំផ្លាញមូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន តាមរយៈការវាយឆ្មក់តាមអាកាសលើកំពង់ផែ រោងចក្រអគ្គិសនី និងគោលដៅស៊ីវិលដទៃទៀត... ជាអកុសល យើងរំពឹងថាការវាយប្រហារតាមអាកាសរបស់រុស្ស៉ីនឹងកើនឡើងម្តងទៀត នៅពេលសីតុណ្ហភាពចុះត្រជាក់ ហើយការខូចខាតនឹងកាន់តែធំធេង»។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara បានឱ្យដឹងថា ទីក្រុងកៀវបានចុះកិច្ចសន្យាទិញមីស៊ីល Patriot ប្រមាណ ១,០០០គ្រាប់ ប៉ុន្តែភាគច្រើននឹងត្រូវប្រគល់ជូននៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ លោកបានជំរុញឱ្យបណ្តាសម្ព័ន្ធមិត្តដកមីស៊ីលចេញពីស្តុករបស់ខ្លួនដើម្បីជួយអ៊ុយក្រែននៅពេលនេះសិន ហើយអ៊ុយក្រែននឹងសងជំនួសវិញនាពេលអនាគត។

ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានសង្កត់ធ្ងន់ថាតួលេខជនស៊ីវិលរងគ្រោះបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីខែឧសភា ឆ្នាំ២០២២ ដោយលោកបានជំរុញថា «បណ្តាប្រទេសទាំងអស់ត្រូវតែបង្កើនការជួយបន្ថែមទៀត។ យើងគ្មានជម្រើសផ្សេងនោះទេ»។

សូមជម្រាបថា ប្រព័ន្ធមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាខែលការពារដែនអាកាសដ៏មានប្រសិទ្ធភាពតែមួយគត់របស់អ៊ុយក្រែនក្នុងការទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៉ី ខណៈដែលសហភាពអឺរ៉ុបបានយល់ព្រមប្រើប្រាស់មួយផ្នែកនៃកម្ចី ៩០ពាន់លានអឺរ៉ូ (ប្រមាណ ១០៥ពាន់លានដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនទិញសម្ភារចាំបាច់សម្រាប់ទ្រទ្រង់ប្រព័ន្ធការពារនេះ៕



 

Powered by Blogger.