អាមេរិក ដាក់ទណ្ឌកម្មថ្មីចំនួន ៣៦ លើវិស័យអាកាសចរណ៍អ៊ីរ៉ង់ ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ច
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីចំនួន ៣៦ នៅថ្ងៃអង្គារនេះ ដោយកំណត់គោលដៅ លើវិស័យអាកាសចរណ៍ និងក្រុមហ៊ុនជាច្រើនរបស់ប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលដល់ខែទីប្រាំពីរ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានបញ្ជាក់ថា
វិធានការនេះមានគោលបំណងរារាំងមិនឱ្យដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Mahan
Air និងក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដទៃទៀត
ព្រមទាំងបណ្តាញក្រុមហ៊ុនបិទបាំងមុខ អន្តរការីបរទេស និងផ្លូវដឹកជញ្ជូនបន្លំ ដែលអ៊ីរ៉ង់ពឹងផ្អែកដើម្បីទទួលបានយន្តហោះ
និងបច្ចេកវិទ្យារសើបៗមានប្រភពដើមពីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ
ទណ្ឌកម្មក៏បានកំណត់គោលដៅលើក្រុមហ៊ុនមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសតួកគីយ៉េ
និងអេមីរ៉ាតអារ៉ាប់រួម
ដែលត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងតេហេរ៉ង់ក្នុងការទិញយន្តហោះ
និងបច្ចេកវិទ្យាទាំងនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott
Bessent បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាការព្រមានដល់អ្នកណាដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលនៅសេសសល់របស់អ៊ីរ៉ង់
ដែលយើងបានដាក់ទណ្ឌកម្មនៅថ្ងៃនេះ៖
អ្នកកំពុងប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកលលោក»។
ជាមួយគ្នានេះ ក្រសួងរតនាគារអាមេរិកក៏បានចេញការព្រមានដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងអស់
ឱ្យរាយការណ៍អំពីបណ្តាញផ្គត់ផ្គង់ណាដែលជួយជ្រោមជ្រែងដល់ឧស្សាហកម្មអាកាសចរណ៍របស់អ៊ីរ៉ង់
ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងបន្តយុទ្ធនាការកាត់ផ្តាច់ប្រភពចំណូល
និងបច្ចេកវិទ្យាពីខាងក្រៅទៅកាន់ទីក្រុងតេហេរ៉ង់៕ (Reuters)

Post a Comment