៥ឆ្នាំ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបង្កេីនកម្លាំងបន្ថែមថ្មីដល់មនុស្សជាតិ
ភ្នំពេញ៖ បណ្ឌិត ជា មុនីឫទ្ធិប្រធាន សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា -ចិនបានមានប្រសាសន៍ថាឆ្នាំ២០២៦នេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) បានឈានដល់ខួប៥ឆ្នាំ ចាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងនៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ គំនិតផ្តួចផ្តើមនេះផ្តោតលើការដាក់ការអភិវឌ្ឍជាអាទិភាពកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍមានភាពបរិយាបន្ន ស្មើភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែទូលំទូលាយ។
ក្នុងរយៈពេល៥ឆ្នាំ GDI បានវិវត្តពីគំនិតផ្តួចផ្តើមមួយទៅជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង សុខាភិបាល ការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍបៃតង។ វាបានបង្ហាញថា ការអភិវឌ្ឍសកលត្រូវការកិច្ចសហប្រតិបត្តិការ និងការចែករំលែកឱកាស មិនមែនការរីកចម្រើនរបស់ប្រទេសមួយដោយឡែកនោះទេ។
ការអភិវឌ្ឍសកលក៏មិនអាចបំបែកចេញពីខ្សែច្រវាក់ផ្គត់ផ្គង់សកលបានឡើយ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលប្រទេសនានាពឹងផ្អែកគ្នាទៅវិញទៅមក ប្រទេសចិនបាននិងកំពុងបន្តតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្ម ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារ។ ការបន្តបើកចំហររបស់ចិនបានបង្កើតឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។
ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងមកជាសក្ខីភាពយ៉ាងប្រត្យក្សក្នុងការរក្សាកិច្ចសន្ទនារវាងមហាអំណាចដ៏មានឥទ្ធិពលបំផុតទាំងពីរ ដោយផ្តល់សារៈសំខាន់ចំពោះការរក្សាស្ថិរភាពនៃទំនាក់ទំនងអន្តរជាតិ និងបរិយាកាសសេដ្ឋកិច្ចពិភពលោក។ ការសន្ទនា និងការគ្រប់គ្រងភាពខុសគ្នា អាចជួយកាត់បន្ថយហានិភ័យនៃការរំខានដល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយគ្នានេះ ការអភិវឌ្ឍ និងសន្តិភាពគឺមិនអាចបំបែកចេញពីគ្នាបានទេ។ សន្តិភាពជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ខណៈការអភិវឌ្ឍរួម និងការកាត់បន្ថយភាពក្រីក្រ ក៏អាចរួមចំណែកដល់ស្ថិរភាព និងសន្តិសុខផងដែរ។ ការចូលរួមរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងការលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ បាននិងកំពុងនាំចិនបន្តជាតួអង្គសំខាន់មួយក្នុងបរិយាកាសអភិវឌ្ឍ និងសន្តិសុខអន្តរជាតិ ដូចបានរំលេចក្នុងគំនិតផ្តួចផ្តេីមសន្តិសុខសកលផងដែរ។
ខួប៥ឆ្នាំនៃ GDI គឺជាការរំលឹកថា ការអភិវឌ្ឍ សន្តិភាព សន្តិសុខ ការបើកចំហ និងកិច្ចសហប្រតិបត្តិការ គឺជាកម្លាំងដែលភ្ជាប់អនាគតរបស់មនុស្សជាតិដែលមានប្រទេសចិនជាលំនឹង។ កាលានុវត្តភាពនាពេលអនាគត នឹងកាន់តែទូលំទូលាយ ប្រសិនបើប្រទេសនានាបន្តពួតដៃប្រកៀកស្មារជាមួយចិននៅក្នុងការបើកចំហ ចែករំលែកឱកាស និងធ្វើការរួមគ្នាដើម្បីឱ្យការអភិវឌ្ឍមានភាពបរិយាបន្ន និងប្រកបដោយចីរភាព៕


Post a Comment