បទវិភាគ៖ ការទូតប្រមុខរដ្ឋចង្អុលបង្ហាញទិសដៅ នាវាយក្សចិន-អាមេរិកបើកទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ
បរទេស៖ តបតាមការអញ្ជើញរបស់លោកត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ខែកញ្ញាកន្លងទៅនេះ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅនិងដោយស្មោះត្រង់ អំពីបញ្ហាជាយុទ្ធសាស្ត្រនិងទូទៅដែលទាក់ទងនឹងទំនាក់ទំនងចិន-អាមេរិកនិងនិន្នាការពិភពលោក ដោយបានឈានដល់គំនិតឯកភាពរួមលើលទ្ធផលចំនួន៨ ចំណុច និងឯកភាពគ្នាកសាង “ទំនាក់ទំនងចិន-អាមេរិកប្រកបដោយស្ថិរភាពជាយុទ្ធសាស្ត្រដែលមានលក្ខណៈស្ថាបនា ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា ភាពយុត្តិធម៌ និងសមភាព” ដែលបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រកាន់តែច្បាស់លាស់សម្រាប់ចិននិងអាមេរិកក្នុងការស្វែងរកវិធីសាស្រ្តរួមរស់ជាមួយគ្នារវាងប្រទេសមហាអំណាច ។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋម្ដងទៀតរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅសហរដ្ឋអាមេរិក បន្ទាប់ពីខកខានអស់រយៈពេល ១១ ឆ្នាំ ដោយសម្រេចបាននូវការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ ដែលបង្កើតបានជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការប្រាស្រ័យទាក់ទងរវាងចិននិងអាមេរិក ។
ការទូតប្រមុខរដ្ឋគឺជាគ្រឹះដ៏សំខាន់នៃទំនាក់ទំនងចិន-អាមេរិក ។ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នាជាមួយលោកត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីដឹកនាំនាវាយក្ស
នៃទំនាក់ទំនងចិន-អាមេរិកឱ្យបើកទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ។ លោកត្រាំ ប្រធានាធិបតីអាមេរិកបានរំពឹងទុកថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីត្រួសត្រាយអនាគតកាន់តែល្អប្រសើរជាងមុនសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសចិន ។
ភាគីទាំងពីរក៏បានទទួលនូវសមិទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ ។ មុនពេលដំណើរទស្សនកិច្ចលើកនេះ ក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃភាគីទាំងពីរបានរៀបចំកិច្ចចរចាជុំថ្មីមួយ ដោយឈានដល់ការរៀបចំចាត់ចែងរួមថ្មីមួយដែលបូករួមទាំងការបង្កើតនិងជំរុញក្រុមប្រឹក្សាពាណិជ្ជកម្មនិងក្រុមប្រឹក្សាវិនិយោគ ការបង្កើតក្រុមការងារកសិកម្ម ការកាត់បន្ថយពន្ធគយបដិការគ្នាចំនួន“៣០ពាន់លានដុល្លារអាមេរិក” និងការពន្យារពេលអនុវត្តលទ្ធផលនៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងគូឡាឡាំពួរជាដើម ។
កិច្ចសហប្រតិបត្តិការគឺជាផ្លូវពីរទិស ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមយន្តការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក ភាគីទាំងពីរបានបើកកិច្ចសន្ទនាលើកដំបូងស្ដីពីបញ្ញាសិប្បនិម្មិត។ ក្នុងកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិននិងអាមេរិកលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់យន្តការសន្ទនាដោយបញ្ញាសិប្បនិម្មិតចិន-អាមេរិកឱ្យបានល្អ ហើយផ្លាស់ប្តូរមតិយោបល់អំពីហានិភ័យនិងផលប្រយោជន៍របស់យន្តការនេះ ដើម្បីរួមគ្នាបង្ការកុំឱ្យបញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ដោយខុសច្បាប់ឬក្នុងផ្លូវអាក្រក់ ។
ជានិច្ចកាល មិត្តភាពរវាងប្រជាជននិងប្រជាជនតែងតែជាប្រភពកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក
លើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ភាគីចិននឹងអញ្ជើញយុវជននិងក្មេងជំទង់អាមេរិកចំនួន១សែននាក់ឱ្យមកផ្លាស់ប្តូរនិងរៀនសូត្រនៅប្រទេសចិន និងបានប្រកាសថា សត្វខ្លាឃ្មុំផានដា “Ping Ping” និង “Fu Shuang” នឹងត្រូវបញ្ជូនទៅរស់នៅសួនសត្វAtlantaនៃសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខនេះ ។
ប្រទេសមហាអំណាចទាំងពីរចិននិងអាមេរិកបើមានកិច្ចសហការល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើប្រឈមមុខដាក់គ្នាវិញ នោះនឹងត្រូវខាតបង់ទាំងសងខាង ដូច្នេះភាគីទាំងពីរចាំបាច់ត្រូវរក្សាខ្សែបន្ទាត់ក្រហមនៃការមិនប៉ះទង្គិចនិងមិនប្រឈមមុខដាក់គ្នា ។ បញ្ហាតៃវ៉ាន់ គឺជាបញ្ហាដ៏សំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក ។ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា លោកសង្ឃឹមថា ភាគីអាមេរិកនឹងប្រកាន់ខ្ជាប់នូវគោលជំហរដ៏ត្រឹមត្រូវក្នុងការប្រឆាំងនឹង“កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ទទួលបានឯករាជ្យ” ព្រមទាំងដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិន-អាមេរិកនិងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ចាប់ពី “ការជួបជុំគ្នានៅទីក្រុងប៉េកាំង” រហូតដល់ “ការណាត់ជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន” ប្រមុខរដ្ឋចិននិងអាមេរិកបានរួមគ្នាដឹកនាំនិងកាន់ចង្កូតនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិក ។ ឈរលើចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ភាគីទាំងពីរចិននិងអាមេរិក គួរតែរួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដោយប្រែក្លាយទំនាក់ទំនងចិន-អាមេរិកប្រកបដោយស្ថិរភាពយុទ្ធសាស្ត្រនិងលក្ខណៈស្ថាបនាពីទស្សនទានទៅជាសកម្មភាពជាក់ស្ដែង ដើរលើផ្លូវដ៏ត្រឹមត្រូវនៃការរួមរស់ជាមួយគ្នារវាងប្រទេសមហាអំណាច ដើម្បីបង្កើនសុភមង្គលដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជានាំមកនូវក្តីសង្ឃឹមដល់សន្តិភាពពិភពលោក ៕


Post a Comment