រដ្ឋបាលសង្កាត់យក្សឡោម បើកសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវ ឆ្នាំ២០២៦
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបើកសំណើរការដេញថ្លៃគម្រោង សាងសង់ផ្លូវបេតុងអាមេប្រវែង០.៤គ.ម ទទឹង៦ម កម្រាស់០.១៥ម ប្រើដែកថ្នាំអំពៅ១០មម និងលូមូលកាត់ផ្លូវទោលមុខ០.៨ម ប្រវែង៩ម ចំនួន១កន្លែង ។ ក្នុងតំលៃប៉ាន់ស្មាន២៨៣.៣៨៤.៩៣២ រៀល (ពីររយប៉ែតសិបបីលានបីរយប៉ែតសិបបួនពាន់បីរយកៅសិបពីររៀល) ។កិច្ចប្រជុំបើកសំណើដេញថ្លៃនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃទីចាត់ការផែនការ និង វិនិយោគខេត្ត លោកស្រីចៅសង្កាត់យក្សឡោម ក្រុមប្រឹក្សាឃុំ ព្រមទាំងអាជ្ញាធរភូមិ និង តំណាងក្រុមហ៊ុនដេញថ្លៃជាច្រើនរូបផងដែរ ។
ជាក់ស្ដែងនៅមុនពេលចាប់ផ្ដើមបើកនៃគម្រោងដេញថ្លៃគេសង្កេតឃើញមានក្រុមហ៊ុនជាច្រើន ដែលបានចូលរួមនៅក្នុងបរិវេណ សាលាសង្កាត់យក្សឡោម ប៉ុន្តែដោយឡែកក្រុមហ៊ុនដែលបានសម្រេចចិត្តដាក់សំណើដេញថ្លៃមានតែចំនួន០៧ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ក្រុមហ៊ុនទាំងនោះរួមមាន÷ ១.ទួន សុផល ២.លី លឹមហេង ៣.ចេស្តា ខនស្ត្រាក់សិន ៤.ម៉ៅ សុខទៀង ៥.សច្ចៈគុណសំណង់ខ្មែរ ៦.ស៊ុន ច័ន្ទតារា ឯ.ក ៧.សូ សុីសម្បត្តិ ។ ចំពោះក្រុមហ៊ុនដែលបានទទួលជ័យជំនះនៅក្នុងការដេញថ្លៃគម្រោងនោះ គឺ បានទៅលើក្រុមហ៊ុន ម៉ៅ សុខទៀង ឈ្នះក្នុងតម្លៃទាបជាងគេ ១៥៩.៤០០.០០០រៀល ។
ជាលទ្ធផលការបើកសំណើដេញថ្លៃនេះ ប្រព្រឹត្តទៅដោយជោគជ័យ និង ស្របតាមនីតិវិធីច្បាប់ ដើម្បីធានាបាននូវតម្លាភាព និង គុណភាពខ្ពស់ក្នុងការស្ថាបនាផ្លូវបេតុងអាមេនេះ សម្រាប់បម្រើដល់ផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅក្នុងសង្កាត់យក្សឡោមតែម្ដង ៕





Post a Comment