រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ ឃន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រតនា អភិបាលខេត្តស្តីទី តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៊ុណ្ណា អគ្គលេខាធិការរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបជាង ៥០០នាក់ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម ឡេង ប៊ុណ្ណា អគ្គលេខាធិការរង អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៩ ចំណុច ដើម្បីលុបបំបាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀនចេញពីសង្គមជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម  បានក្រើនរំលឹក និងណែនាំដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ៖ - ត្រូវបន្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមទស្សនវិស័យ «សង្គមកម្ពុជាជាសង្គមស្អាតស្អំ គ្មានគ្រឿងញៀន»។ - លើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍រាល់បទល្មើសគ្រឿងញៀន តាមរយៈ App NoDrug និង Hotlines (២៤/៧) ដើម្បីកសាង «ភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន»។ - គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ត្រូវចាត់វិធានការម៉ឺងម៉ាត់ក្នុងការលុបបំបាត់ការចរាចរ និងប្រើប្រាស់គ្រឿងញៀនតាមសហគមន៍។ - មន្ត្រីរាជការ និងកងកម្លាំង ត្រូវបន្តអនុវត្តបទបញ្ជាលេខ ០១ បប និង ០២ បប យ៉ាងម៉ឺងម៉ាត់ («សម្អាតផ្ទះយើង» និង «សម្អាតចាកចេញពីបឹង»)។ - អប់រំយុវជន និងសិស្សានុសិស្សឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងសារធាតុញៀន/ផលិតផលថ្មីៗ ។ - លើកទឹកចិត្តយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតគំនិតច្នៃប្រឌិតដើម្បប្រយុទ្ធប្រឆាំងគ្រឿងញៀន។ និងបន្តលើកទឹកចិត្តឱ្យវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ ចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់អាជ្ញាធរមានសមត្ថកិច្ច។

លោក ចាន់ រតនា អភិបាលខេត្តស្តីទី ក៏បានអំពាវនាវដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវមានម្ចាស់ការសហការ ដឹកនាំជំរុញ និងផ្សព្វផ្សាយទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដល់មូលដ្ឋាន ។ ត្រូវបន្តធ្វើការបង្រ្កាប និងទប់ស្កាត់ចំពោះអ្នកជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងអ្នកពាក់ព័ន្ធ ត្រូវបំផុសនិងជំរុញដល់សហគមន៍ ប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ក្រុមហ៊ុន និងក្លឹបកំសាន្ត ឱ្យចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឪពុកម្តាយ អាណាព្យាបាល ត្រូវអប់រំកូនចៅរបស់ខ្លួន ឱ្យចៀសឱ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានឱ្យដឹងថា សាលាដំបូងខេត្ត បានសម្រេចរឹបអូស និងរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលប្រមូលបានចន្លោះឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ នាពេលនេះ ដើម្បីយកមកដុតបំផ្លាញចោល។ 

ឯកឧត្តម បន្ថែមថា សំណុំរឿងគ្រឿងញៀនចំនួន ៧៦ សំណុំរឿង ក្នុងនោះរួមមាន៖ ដំណាក់កាលជំនុំជម្រះ ៦៥ សំណុំរឿង , ដំណាក់កាលត្រៀមជំនុំជម្រះ  ៤សំណុំរឿង , ដំណាក់កាលស៊ើបសួរ ៧ សំណុំរឿង។ វត្ថុតាងគ្រឿងញៀន និងឧបករណ៍ត្រូវដុតបំផ្លាញរួមមាន ៖ ប្រភេទម្សៅមេតំហ្វេតាមីន៖ ទម្ងន់សរុប ៣៩៨,៤៤ ក្រាម ប្រភេទថ្នាំខេ ៖ ទម្ងន់សរុប ១៤,៧៨ ក្រាម ទម្ងន់គ្រឿងញៀនសរុប៖ ៤១៣,២២ ក្រាម ឧបករណ៍/បារីអេឡិចត្រូនិក៖ ក្បាលបារីអេឡិចត្រូនិក ៥៥ ប្រអប់ (ស្មើនឹង ៨៨ ក្បាល) និងដើមម៉ាស៊ីនបារីអេឡិចត្រូនិក ១១៣ គ្រឿង។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នពន្ធនាគារខេត្ត មានជនជាប់ឃុំ (គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦)៖ ជនជាប់ឃុំសរុបមាន ៧៣៧ នាក់ ក្នុងនោះ ជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀនមាន ៤១៨ នាក់ (ស្មើនឹង ៥៦.៧% នៃជនជាប់ឃុំសរុប)៕








 

Powered by Blogger.