គីម ជុងអ៊ុន ប្តេជ្ញាកសាងកងទ័ពជើងទឹកកូរ៉េខាងជើង ជាកងកម្លាំងបំពាក់អាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាកសាងកងទ័ពជើងទឹក ឱ្យក្លាយទៅជាកងកម្លាំងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ស្របពេលដែលការធ្វើសមយុទ្ធយោធាដែនសមុទ្រ រវាងសហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តនៅអាស៊ី បានចាប់ផ្តើម។

សមយុទ្ធយោធាហៅថា Freedom Edge ដែលប្រពឹត្តទៅចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រសប្តាហ៍នេះ និងដែលចូលរួមដោយជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២៣ ហើយក្រុមមន្ត្រីប្រទេសទាំង៣ បានហៅវាថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការគំរាមកំហែងមីស៊ីលនិងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោក គីម ត្រូវបានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនាវាចម្បាំង Kang Kon នៅទីក្រុងកំពង់ផែ Wonsan កាលពីថ្ងៃអាទិត្យ។ លោក គីម បានថ្លែងក្នុងពិធីនោះយ៉ាងដូច្នេះថា «យើងត្រូវតែធានាថា ប្រព័ន្ធប្រយុទ្ធនុយក្លេអ៊ែរដែលមានភាពចម្រុះ និងមានប្រសិទ្ធភាព ត្រូវបានអនុវត្តសម្រាប់សង្គ្រាមជាក់ស្តែង តាមរយៈការអភិវឌ្ឍកងទ័ពជើងទឹករបស់យើង ឱ្យក្លាយជាកងកម្លាំងមួយប្រដាប់ទៅដោយអាវុធនុយក្លេអ៊ែរ»។

លោកបានបន្តថា «នៅពេលទទួលបានបទបញ្ជាគ្រប់ពេលវេលា នាវាចម្បាំងប្រភេទ destoryer ជំនាន់ថ្មីនេះ នឹងអាចវាយបកសងសឹកយ៉ាងចាស់ដៃបំផុតទៅលើសត្រូវ ព្រោះវាជាផ្នែកនៃប្រព័ន្ធឆ្លើយតបនុយក្លេអ៊ែររបស់រដ្ឋ»។ កាលពីខែកក្កដា លោក គីម បានត្រួតពិនិត្យការធ្វើតេស្តមួយ នៃនាវាចម្បាំង Kang Kon ដែលជានាវាចម្បាំងមួយ ក្នុងចំណោមនាវាចម្បាំងប្រភេទទម្ងន់ ៥០០០តោន ស៊េរីថ្មីសរុប២គ្រឿង។ នាវាមួយគ្រឿងដំបូង ឈ្មោះថា Choe Hyon ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីប្រមាណ៣ខែមុន។

លោក Lim Eul-chul ដែលជាសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យ Kyungnam នៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញការយល់ឃើញថា ការលើកឡើងរបស់លោក គីម អំពីកងទ័ពជើងទឹកដែលបំពាក់អាវុធនុយក្លេអ៊ែរ ហាក់បង្ហាញឱ្យឃើញថា នាវាទាំងនេះអាចបម្រើជាមធ្យោបាយ សម្រាប់ការបាញ់មីស៊ីលគ្រូស ដែលមានសមត្ថភាពនុយក្លេអ៊ែរ។

ជាចុងក្រោយ លោក គីម ក៏បានបង្ហើបផងដែរថា កូរ៉េខាងជើងកំពុងអនុវត្ត «ផែនការសំខាន់មួយ» ដើម្បីពង្រឹងកងទ័ពជើងទឹករបស់ខ្លួនឱ្យកាន់តែខ្លាំង ដែលនឹងត្រូវបង្ហាញដល់ពិភពលោក ក្នុងរយៈពេល៨ខែទៀត។ លោក Lim បាននិយាយថា វាអាចជាការឱ្យសញ្ញាមុនមួយ នៃគម្រោងបង្ហាញខ្លួនធនធានយោធាយុទ្ធសាស្រ្តសំខាន់ៗរបស់កូរ៉េខាងជើង ដូចជានាវាមុជទឹក ដែលមានសមត្ថភាពផ្ទុកមីស៊ីលបាលិស្ទីគបាញ់ចេញពីក្រោមទឹក SLBM ជាដើម៕ (AFP)



 

Powered by Blogger.