ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា ប្រកាន់ជំហរម៉ឺងម៉ាត់ដោះស្រាយ បញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជា ប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនាំពាក្យ បានថ្លែងពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ និងការគោរពយ៉ាងពេញលេញ នូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ឯកឧត្តម បន្តថា “ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃក៏ដូចជា ប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ” ។
បើតាម ឯកឧត្តម ប៉ែន បូណា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវគ្រប់ចំណុចទាំងអស់ នៃសេចក្តីប្រកាសរួមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ និងស្នើឱ្យភាគីថៃគោរពនិងអនុវត្តគ្រប់ចំណុចដូចគ្នា ដោយមិនត្រូវមើលរំលងចំណុចណាមួយឡើយ ។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន ១១លើកហើយ ទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារ ដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ៕

Post a Comment