អភិបាលស្រុកកោះញែក នាំយកថវិកាចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបាត់បង់ជីវិត ក្នុងអំពើហិង្សាដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅរាត្រីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សាក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។


លោក អភិបាលស្រុក បានលើកឡើងថា ការបាត់បង់សមាជិកគ្រួសារគឺជាការសោកស្តាយយ៉ាងខ្លាំងបំផុតសម្រាប់គ្រួសារ ប៉ុន្តែការលើកគ្នាប្រើអំពើហិង្សា វាយកម្ទេច ឬដុតបំផ្លាញទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់រដ្ឋ គឺជាសកម្មភាពដែលមិនគួរកើតមានឡើយ។ លោក បានទទូចឱ្យប្រជាពលរដ្ឋដែលមានកង្វល់ ឬមានបញ្ហាពាក់ព័ន្ធនឹងហេតុការណ៍នេះរក្សាភាពស្ងប់ស្ងាត់ និងស្វែងរកការដោះស្រាយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងនីតិវិធីច្បាប់ដោយជៀសវាងដាច់ខាតនូវអំពើហិង្សា។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវរងការខូចខាតទាំងស្រុង ដោយសារប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាទៅវាយកម្ទេច និងដុតបំផ្លាញ ក្រោយទទួលបានព័ត៌មានថាស្ត្រីម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ដួលម៉ូតូខណៈធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

ចំពោះមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ ក៏ដូចជាការអះអាងពាក់ព័ន្ធនឹងការដេញចាប់ និងការផ្ទុះអាវុធ អាជ្ញាធរកំពុងរង់ចាំការបញ្ជាក់ និងការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ដើម្បីឱ្យការពិតត្រូវបានបង្ហាញតាមនីតិវិធីច្បាប់៕








 

Powered by Blogger.