វគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តមណ្ឌលគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម សន សារុន សមាជិកក្រុមប្រឹក្សាខេត្ត
និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តមណ្ឌលគិរី និងលោកស្រី
កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្ត
បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ
សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំKN&N Resort ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក គីម សុវណ្ណស៊ីឌេត
អនុប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា លោក ប្រធានមន្ទីរសង្គមកិច្ចខេត្ត តំណាងអង្គការដៃគូ សមាជិក
សមាជិកាគណៈកម្មការក្រុង-ស្រុក ឃុំ-សង្កាត់ទាំង២១ នៅក្នុងខេត្ត។
ឯកឧត្តម សន សារុន
អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត បានមានប្រសាសន៍ថា
វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារះសំខាន់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី
និងអ្នកពាក់ព័ន្ធ ឱ្យមានការយល់ដឹងច្បាស់លាស់អំពីតួនាទី ភារកិច្ច
និងនីតិវិធីក្នុងការឆ្លើយតបចំពោះករណីកុមាររងគ្រោះ និងកុមារងាយរងគ្រោះ
ព្រមទាំងបង្កើតយន្តការសហកា រដែលមានប្រសិទ្ធភាពរវាងស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម
បានគូសបញ្ជាក់ថា តាមរយៈយន្តការនេះ
គ្រប់ភាគីពាក់ព័ន្ធអាចធ្វើការសហការគ្នាបានកាន់តែមានប្រសិទ្ធភាព ក្នុងការកំណត់បញ្ហា
ការទទួល និងបញ្ជូនករណី ការវាយតម្លៃតម្រូវការ ការផ្តល់សេវាគាំពារ
និងការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេសជួយធានាថា កុមារគ្រប់រូប
ទទួលបានការការពារ សិទ្ធិ សេចក្តីថ្លៃថ្នូរ និងឧត្តមប្រយោជន៍របស់ខ្លួន
ដោយមិនទុកឱ្យកុមាររងគ្រោះ ឬងាយរងគ្រោះត្រូវប្រឈមនឹងបញ្ហាតែម្នាក់ឯងឡើយ។
លោកស្រី កែវ សារឿន អភិបាលរងខេត្ត
បានណែនាំដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ស្តាប់ និងសិក្សាពីគ្រូបង្គោល
ស្វែងយល់ពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
ព្រមទាំងចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីអាចយកចំណេះដឹង
ដែលទទួលបានទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។
លោកស្រី បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ
មិនត្រឹមតែជាការផ្តល់ចំណេះដឹងបច្ចេកទេសអំពីនីតិវិធីការពារកុមារប៉ុណ្ណោះទេ
ប៉ុន្តែជាគាំពារ កុមារ ការពង្រឹង ប្រព័ន្ធការពារកុមារនៅថ្នាក់ក្រោមជាតិ
ឱ្យកាន់តែមានភាពច្បាស់លាស់ សម្របសម្រួល និងមានប្រសិទ្ធភាព។ លោកស្រី បញ្ជាក់ថា
ការរួមគ្នារបស់រដ្ឋបាលមូលដ្ឋាន ស្ថាប័នជំនាញ អាជ្ញាធរ អង្គការដៃគូ និងសហគមន៍
គឺជាកត្តាសំខាន់ក្នុងការធានាថា កុមារគ្រប់រូបអាចរស់នៅក្នុងបរិយាកាស
ដែលមានសុវត្ថិភាព ទទួលបានការថែទាំ និងការគាំពារសមស្រប
ព្រមទាំងមានឱកាសអភិវឌ្ឍខ្លួនបានពេញលេញ៕






Post a Comment