ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅតែជឿជាក់ និងបន្តគាំទ្រឯកឧត្តម សៅ សុខា ​ជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅតែគាំទ្រឯកឧត្តម សៅ សុខា ជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បន្ទាប់ពីមានការពិភាក្សាផុលផុសនៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីបេក្ខភាពនៃអ្នកដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចេញមុខបញ្ជាក់ថា ឯកឧត្តមនៅតែគាំទ្រការដឹកនាំរបស់លោក សៅ សុខា។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី៧ខែកញ្ញានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទាញចំណាប់អារម្មណ៍សាធារណជនឱ្យមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក សៅ សុខា ក្នុងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរថា៖ « សម្រាប់ខ្ញុំ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម សៅ សុខា។ ប្រសិនបើគ្មានការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់(លោកសៅ សុខា)ទេ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីក ចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ»។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានអធិប្បាយថា អ្នកដែលចង់ឈ្នះបំផុត គឺកីឡាករ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា៖«គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ។ និយាយអោយខ្លីគឺ «បាល់មូល»។ ដូច្នេះ លទ្ធផលនៃការប្រកួតមួយ ពីរ ឬលើសពីនេះ មិនមែនជាមូលហេតុនៃការស្តីបន្ទោស ចង្អុល ឬដាក់កំហុសលើអ្នកណានោះទេ»។
គួរបញ្ជាក់ឱ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ គេឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានចែករំលែករូបភាពមួយដែលក្នុងនោះមានរូបថតថ្នាក់ដឹកនាំផង និងជាអ្នកដឹកនាំក្លិបកីឡាទាត់បាល់ផង ហើយមានភ្ជាប់ជាមួយយនឹងសំណួរថា តើអ្នកណាសក្តិសមជាអ្នកដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា?
ការចែកចាយរូបភាពខាងលើនេះក៏កើតឡើងក្រោយពីក្រុមជម្រើស និងឈុតយុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ U20 ទទួលលទ្ធផលមិនល្អជាបន្តបន្ទាប់ ក្នុងការប្រកួតកម្រិតតំបន់៕



Powered by Blogger.