កូរ៉េខាងជើង ព្រមានចាត់វិធានការឆ្លើយតបខ្លាំងក្លាបំផុត ទៅនឹងសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក

សេអ៊ូល៖ លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នាមួយដឹកនាំដោយសហរដ្ឋអាមេរិកថាជាមូលហេតុធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែអាក្រក់ឡើង ហើយប្ដេជ្ញាថានឹងមិនមានការផ្លាស់ប្ដូរណាមួយនៅក្នុងជំហានរបស់កូរ៉េខាងជើងដើម្បីពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែរជាដាច់ខាត។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម ចង់និយាយសំដៅទៅលើការធ្វើសមយុទ្ធជើងទឹកមានឈ្មោះថា Pacific Vanguard 2026 ធ្វើឡើងនៅក្បែរកោះ Guam ដោយហៅសមយុទ្ធនេះថាជាល្បែងសង្រ្គាមមួយរបស់សហរដ្ឋអាមេរិក និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពង្រីកឥទ្ធិពលយោធាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរួមមានកូរ៉េខាងត្បូង និងជប៉ុនជាដើម។

លោកស្រី គីម បានបន្ថែមទៀតថាស្ថានការណ៍បច្ចុប្បន្នបានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់កូរ៉េខាងជើងចាត់វិធាការឆ្លើយតបឱ្យបានសមស្រប និងខ្លាំងក្លាបំផុតជាមួយការព្រមានដែរថាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន ប្រសិនបើសន្តិសុខ ឬផលប្រយោជន៍ជាតិត្រូវបានបំពាន។

សូមរម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី គីម យ៉ូជុង ក៏បានចេញមុខច្រានចោលផងដែរការអំពាវនាវឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ដោយនិយាយថាមានតែមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ៕ ប្រភព៖ Reuters



 

Powered by Blogger.