សហរដ្ឋអាមេរិក អនុម័តការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ៤៨គ្រឿងឱ្យអារ៉ាប៊ីសាអូឌីត
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន៤៨គ្រឿងគិតជាទឹកប្រាក់ ២៤,៣ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលនេះជាការទិញអាវុធដ៏ធំចុងក្រោយបំផុតមួយរបស់ទីក្រុងរីយ៉ាដចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។
ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភារួចហើយពីការអនុម័តការលក់យន្ដហោះចម្បាំង
F-35
ទៅឱ្យអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំការអនុម័ត។ តែមិនបានបង្ហើបឱ្យដឹងថាតើការប្រគល់នឹងត្រូវធ្វើឡើងនៅពេលណានោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា «ការលក់យន្ដហោះចម្បាំង
F-35 នឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតដើម្បីកំញើញទប់ស្កាត់ការគំរាមកំហែងក្នុងពេលបច្ចុប្បន្ន
និងទៅថ្ងៃអនាគតតាមរយៈការពង្រឹងសមត្ថភាពការពារខ្លួនឯង
ហើយក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរការធ្វើអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក»។ តាមសេចក្ដីថ្លែងការណ៍ដដែល យន្ដហោះចម្បាំង F-35
ក៏នឹងជួយពង្រឹងផងដែរសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីតក្នុងការធ្វើប្រតិបត្តិការយន្ដហោះចម្បាំង
ព្រមទាំងសមត្ថភាពវាយប្រហារនៅលើអាកាស និងពីអាកាសទៅលើដី។
សូមជម្រាបថា អារ៉ាប៊ីសាអូឌីតបានស្វះស្វែងព្យាយាមទិញយន្ដហោះចម្បាំង
F-35
ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ។
ប៉ុន្តែក្រុមមន្ត្រីមកពីអ៉ីស្រាអែលដែលបច្ចុប្បន្នជាប្រទេសតែមួយគត់
ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងធ្វើប្រតិបត្តិការយន្ដហោះចម្បាំងដ៏ទំនើបមួយនេះបានបង្ហាញការព្រួយបារម្ភពីការលក់
F-35 ទៅឱ្យទីក្រុងរីយ៉ាដ បើទោះជាអ៊ីស្រាអែលកំពុងជំរុញការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអារ៉ាប៊ីសាអូឌីតក៏ដោយ៕ ប្រភព៖ AFP

Post a Comment