រដ្ឋមន្ត្រីមហាផ្ទៃ សន្យាជ្រោមជ្រែងធុរជនជប៉ុន បោះទុនពង្រីកការវិនិយោគ នៅតាមបណ្ដាខេត្តកម្ពុជា
ភ្នំពេញ ៖ ភ្ជាប់នឹងការបង្ហាញក្ដីរីករាយ ចំពោះសកម្មភាពវិនិយោគក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងជំនួបនៅថ្ងៃទី៨ ខែសីហា នេះ អំពីឆន្ទៈត្រៀមផ្ដល់ការគាំទ្រ និងបង្កលក្ខណៈស្របតាមច្បាប់ឱ្យបានប្រកបដោយភាពកក់ក្ដៅ។
បើតាម ឧបនាយករដ្ឋមន្ត្រី ស សុខា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ ជំរុញការវិនិយោគខ្នាតតូច និងមធ្យម ពិសេសផ្ដល់សិទ្ធិសម្រេចឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាក់ទាញ និងអនុម័តលើការវិនិយោគតម្លៃក្រោម ៥ លានដុល្លារ ។ ការថ្លែងរបស់ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍អំពីការដំណើរការរបស់សហគ្រាស និងក្រុមហ៊ុនជប៉ុនចុងក្រោយ២ទៀត គឺទីតាំងផលិតសូត្រមាស និងចិញ្ចឹមត្រី ដែលមាននៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយទៀតរបស់ជប៉ុនឈ្មោះ Local 5G ក៏បានកំពុងពង្រីកសក្ដានុពលលើបច្ចេកវិទ្យាអ៊ីនធឺណិត។
និយាយដល់ក្រុមហ៊ុន Local 5G នេះភ្លាម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់ព័ត៌មានបន្ថែមចែកជូនប្រតិភូជប៉ុនថា កសិករកម្ពុជាបច្ចុប្បន្ន កំពុងប្រែក្លាយការធ្វើកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបឌីជីថល តួយ៉ាង កសិករបានប្រើដ្រូនដើម្បីបាញ់ថ្នាំ និងស្រោចជី ប្រើបច្ចេកវិទ្យាបូមទឹកស្រោចស្រពពីចម្ងាយ និងកំពុងមានតម្រូវការសេវាអ៊ីនធឺណិត ដើម្បីបម្រើឱ្យសកម្មភាពផ្សេងៗនៅតាមតំបន់ឆ្ងាយៗ។ ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញជំនឿ ប្រកបដោយការលើកទឹកចិត្តខ្ពស់ថា តាមរយៈសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុននេះ នឹងអាចភ្ជាប់សេវាទៅកាន់តំបន់មានតម្រូវការនានា ពិសេសក្លាយជាជម្រើសសេវាកម្មមួយរបស់ក្រុមហ៊ុនជប៉ុនផ្សេងទៀតនៅកម្ពុជា។
ជាការកត់សម្គាល់ក្នុងជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃនោះដែរ លោក TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍ជម្រាបជូន ប្រមុខក្រសួងមហាផ្ទៃកម្ពុជា អំពីការត្រៀមលក្ខណៈផ្សព្វផ្សាយ សក្ដានុពលវិនិយោគខ្នាតតូច និង មធ្យមនៅកម្ពុជា ទៅកាន់ក្រុមធុរជនជប៉ុន ជាពិសេសនឹងជំរុញផែនការ នាំពួកគេមកទស្សនកិច្ចប្រទេសកម្ពុជាជាបន្តបន្ទាប់៕







Post a Comment