ខេត្តមណ្ឌលគិរីប្រារព្ធទិវាសម្អាតពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួម»
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ
ដើម្បីបំផុសចលនាឱ្យបានប្រជាពលរដ្ឋ ចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន
អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ
«៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និង លោក
ជាតារា អនុប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ
ព្រមទាំងមន្ត្រីឧទ្យានុរៈ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅ
នៅខ្នងភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី ។
លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា
ខេត្តមណ្ឌលគិរីជាខេត្តដែលមានសក្តានុពលលើធនធានធម្មជាតិមានទេសភាពដ៍ស្រស់ត្រកាល
រួមជាមួយខ្យល់អាកាសបរិសុទ្ធ
បានទាក់ទាញនូវមនុស្សគ្រប់រូបចង់មកសំរាកលំហែកំសាន្តអារម្មណ៍។
ជាមួយទេសភាពដ៍ល្អប្រពៃនេះ ក៏យើងមិនអាច បំភ្លេចបានឡើយនូវបរិស្ថាននៅជុំវិញខ្លួនយើងត្រូវតែស្អាតនិងមានអនាម័យ
ដូចដែលយើងកំពុងប្រារព្វ ទិវាសម្អាតពិភពលោកនេះ។
លោក សង្ឃឹមថាការប្រារព្ធទិវានេះ
នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ
ក្នុងការចេះទទួលខុសត្រូវទុកដាក់សំរាម សំណល់រឹង ប្រើប្រាស់ឱ្យអស់លទ្ធភាព
និងមិនត្រូវដុតឬបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន
និងសោភ័ណភាពទីក្រុង ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ខ្លួនឯងផ្ទាល់។
លោក បានជំរុញដល់ដល់សាធារណជនទាំងអស់ សូមចូលរួមធ្វើអនាម័យ
និងថែរក្សាបរិស្ថានឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន
ជាពិសេសស្នើឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងអ្នកពាក់ព័ន្ធ
ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម
សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការថែរក្សាបរិស្ថាន
និងបំផុសចលនាដាំដើមឈើអោយបានច្រើនផងដែរ។
លោក ជា តារា អនុប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា
ក្រសួងបរិស្ថានដែលមានមន្ទីរបរិស្ថានជាសេនាធិការ មានបេសកកម្មដឹកនាំ និងគ្រប់គ្រង
កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយបានសមស្រប
និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូប
និងគ្រប់ជំនាន់៕








Post a Comment