កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុនស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា
និងជប៉ុន បានសហការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ Joint Crediting
Mechanism (JCM) លើការប្រកាសប្រើប្រាស់បច្ចេកវិទ្យាកាបូនទាបដូចជា
ប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ
និងគម្រោងស្រូវស្រោចស្រពបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដើម្បីកាត់បន្ថយឧស្ម័នមេតាន និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមដល់កសិករ។
បន្ថែមពីនេះ
ការប្រើប្រាស់បច្ចេកវិទ្យារក្សារបកគំហើញពីផ្កាយរណប
ជាផ្នែកជំរុញការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយពី JAXA
ដើម្បីពង្រឹងការតាមដានការប្រែប្រួលបរិស្ថាន កសិកម្ម
និងការគ្រប់គ្រងដីធ្លី។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ
ក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរ ចាប់ដៃគូវិនិយោគលើកសិកម្មឆ្លាតវៃ (Climate-Smart
Agriculture) ទីផ្សារកាបូន ប្រព័ន្ធទិន្នន័យ ឌីជីថល
និងបច្ចេកវិទ្យាបៃតងផ្សេងៗ ដើម្បីការវិនិយោគស្អាត បៃតង ដោយចីរភាព។
សូមរម្លឹកជូនថា វេទិកានេះត្រូវបានរំពឹង
នឹងបើកផ្លូវថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ
និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO,
JAXA, Japan Space Forum ព្រមទាំងវិស័យឯកជន
និងស្ថាប័នស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់ការវិនិយោគបៃតង
បច្ចេកវិទ្យាច្នៃប្រឌិត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕











Post a Comment