អាជ្ញាធរជាតិអប្សរាទទួលកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីតំបន់អង្គររបស់និសិ្សតជប៉ុននៃសាកលវិទ្យាល័យ KOMATSU
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានទទួលស្វាគមន៍ ក្រុមនិស្សិតជប៉ុនចំនួន៦នាក់នៃសាកលវិទ្យាល័យ KOMATSU ដឹកនាំដោយលោកសាស្រ្តាចារ្យ Kimura Makoto ដែលមានដំណើរទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែសីហាដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
គោលបំណងទស្សនកិច្ចសិក្សានេះគឺស្វែងយល់អំពីបច្ចេកទេស និងបទពិសោធន៍នានា ក្នុងកិច្ចការងារគ្រប់គ្រងអភិរក្សរមណីយដ្ឋានអង្គរដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តកន្លងមក។ អាជ្ញាធរជាតិអប្សរាបានរៀបចំមន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញធ្វើបទបង្ហាញ និងពន្យល់ផ្ទាល់នៅទីតាំងការដ្ឋានសំខាន់ៗមួយចំនួនដូចជា៖ បច្ចេកទេសនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តបុរាណ មុខងារអាងស្តុកទឹក កសិន្ធុ បារាយណ៍ ការងារអភិរក្សព្រៃឈើ សត្វព្រៃ កិច្ចការអភិរក្សប្រាសាទបុរាណ សំណង់ស្ថាបត្យកម្មខ្មែរ ការងារគ្រប់គ្រងប្រើប្រាស់ដីលំនៅដ្ឋាន ជីវភាពរស់នៅ ទំនៀមទម្លាប់ប្រពៃណីខ្មែរជាដើម។
លោកឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ KOMATSU បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពី «កម្មវិធីកសាងសមត្ថភាពនៅតំបន់អង្គររវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ Komatsu University»។ មកដល់ពេលនេះជាលើកទី៨ហើយដែលសាកលវិទ្យាល័យKOMATSUបានដឹកនាំនិសិ្សតមកធ្វើការសិក្សាស្វែងយល់ការងារគ្រប់គ្រងតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក។
លោកសាស្រ្តាចារ្យ Kimura Makoto បានលើកឡើងថា ក្រុមនិស្សិតដែលចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ គឺចង់ផ្តល់ឱកាសឱ្យនិស្សិតសិក្សាអំពីការអភិរក្សតំបន់បេតិកភណ្ឌ ដើម្បីយើងប្រើប្រាស់នៅប្រទេសជប៉ុន។ មានបញ្ហាភ្ញៀវទេសចរបរទេសមួយចំនួនមិនអាចយល់ពីច្បាប់ ឬមិនអាចយល់ពីវប្បធម៌របស់យើង ដូច្នេះអាជ្ញាធរជាតិអប្សរាគឺជាគំរូដ៏ល្អសម្រាប់បញ្ហាបែបនេះ។ យើងមិនចង់ឱ្យពួកគេមកសិក្សាត្រឹមតែការសង្កេតនោះទេ គឺយើងចង់នាំយកបទពិសោធន៍ ផ្ទាល់នូវអ្វីដែលបានរៀនពីកម្ពុជាត្រឡប់ទៅប្រទេសជប៉ុនវិញ ហើយប្រាប់ទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់យើង៕








Post a Comment