សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំសភា ថា ថៃ បន្តកាន់កាប់ទីតាំងជាច្រើន ចូលមកក្នុងទឹកដីកម្ពុជា
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាប្រទេសនានា ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ បន្ទាប់ពីទទួលបានសន្តិភាព ពេញលេញដោយគ្មានការរំខានរយៈពេល២៦ឆ្នាំ ដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុត មិនធ្លាប់មានក្នុងប្រវត្តិជាង៥០០ឆ្នាំរបស់ប្រជាជនយើង សង្គ្រាមបានវិលត្រឡប់មកវិញនៅតាមបណ្តោយព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងជាមួយប្រទេសថៃដ៏បានគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អាយុជីវិត និងជីវភាពរស់នៅត្រូវបានបាត់បង់ ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍនៅមូលដ្ឋានរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ សម្ដេចធិបតី បន្ដថា បទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពនៅលើដីជាក់ស្តែងនៅតែមានភាពផុយស្រួយ ដោយហេតុថា កម្លាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នានៅតាមបណ្តោយព្រំដែន និងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយ។ បញ្ហាជាសារវន្តនោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់នៅមិនទាន់បានដោះស្រាយបាននៅឡើយ។
សម្ដេចធិបតី បន្ថែមថា បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ KL Accord ចុះថ្ងៃទី២៦ ខែតុលា និងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ចាប់ផ្តើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកអាចត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៨ ខែធ្នូ ក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា «ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរភៀសសឹកជាង២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន របស់ខ្លួនវិញបានឡើយ។ លើសពីនេះ កងទ័ពនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីបន្ថែមទៀត។ សកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្តែងក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរីកលុះមន្ទីរពេទ្យ ការដាក់ទូកុងតឺន័រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមុនពេលកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង»៕

Post a Comment