សម្តេចធិបតី៖ ជម្លោះព្រំដែន កម្ពុជា-ថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ តែជាការព្រួយបារម្ភជាសកល

ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ នាថ្ងៃទី២៧ សីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជម្លោះព្រំដែនរវាង កម្ពុជា និងថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃមិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានគោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន»។

ក្នុងស្មារតីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ។

ជារួម ច្បាប់មិនអាចការពារសន្តិភាពបានទេ ប្រសិនបើរដ្ឋណាមួយត្រូវបានទុកចោលឱ្យនៅឯកោនៅពេលដែលវិធានច្បាប់ត្រូវបានបំពាន។ ចំណុចនេះហើយដែលសាមគ្គីភាពឆ្លុះបញ្ចាំងនូវអត្ថន័យពេញលេញរបស់ខ្លួន។ សាមគ្គីភាពមានន័យថា ជាការការពារគោលការណ៍តែមួយសម្រាប់ប្រជាជាតិទាំងអស់ ការគាំទ្រការអនុវត្តកិច្ចព្រមព្រៀង ការការពារប្រជាជនស៊ីវិល និងការរក្សាកិច្ចសន្ទនានៅក្នុងពេលដែលទំនាក់ទំនងប្រឈមនឹងភាពតានតឹង៕



Powered by Blogger.