ចំពោះមុខមេបញ្ជាការអាមេរិក មេបញ្ជាការកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនជាដាច់ខាត
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យនាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនេះ
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក
ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច
ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា
និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។
នាយឧត្តមសេនីយ៍ វង្ស ពិសេន
បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព
និងការអភិវឌ្ឍនៅកម្ពុជា
ព្រមទាំងបានស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន
ការរុករកអដ្ឋិធាតុយុទ្ធជនអាមេរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។
អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា
ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ
និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។
ជាការឆ្លើយតប នាយឧត្តមនាវី STEPHEN
T. WEB KOEHLER បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា
ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី
និងបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ
រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌
សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព
និងស្ថិរភាពក្នុងតំបន់៕







Post a Comment