ឯកឧត្តម គង់ គឹមនី អញ្ជើញកាត់បើកវិញ្ញាសាប្រឡងបាក់ឌុប និងលើកទឹកចិត្តដល់សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណេីដោយ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគីរី លោកស្រី អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការរដ្ឋាននគរបាលខេត្ត មណ្ឌលគិរី លោក ទាវ ចាន់តារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីឲ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន មានភាពយុត្តិធម៌ តម្លាភាព វិន័យតឹងរឹង។

នាក្នុងឱកាសនោះ ឯកឧត្តម បានជួបសំណេះសំណាលជាមួយអាណាព្យាបាល មាតា បិតា សិស្ស ជាបេក្ខជនប្រឡង ដែលមានក្នុងបញ្ជីឈ្មោះ ដោយបានលើកទឹកចិត្តដល់ក្មួយៗត្រូវខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់ និងជូនពរប្រលងជាប់និទ្ទេសល្អៗទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦នេះ មានបេក្ខជនសរុបចំនួន ៧៧០នាក់ ស្រី៤៧១នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅ ៧៣៦នាក់ ស្រី ៤៥៤នាក់ បេក្ខជនស្វៃរិន ២៣នាក់ ស្រី ១០នាក់​ បេក្ខជនបំពេញវិជ្ជា ១១នាក់ ស្រី ៧នាក់ និងបេក្ខជនជាជនជាតិភាគតិច ២៦១នាក់ ស្រី ១៦២នាក់។ លោក បន្ថែមថា មណ្ឌលប្រឡងចំនួន ០២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ១.មណ្ឌលថ្នាក់វិទ្យាសាស្រ្ត មាន ០៣បន្ទប់ បេក្ខជនសរុប ៧០នាក់ ស្រី ៤៦នាក់ និង២. មណ្ឌលថ្នាក់វិទ្យាសាស្រ្តសង្គម ០១មណ្ឌល មាន ២៨បន្ទប់ ដែលមានបេក្ខជន ៧០០​នាក់ ស្រី ៤២៥នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅ​​មានចំនួន ៦៦៦នាក់ ស្រី ៤០៨នាក់៕











 

Powered by Blogger.