ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ នៅទៅទាំងប្រទេស បានចាប់ផ្តើមដំណើរការហើយ សម្រាប់ខេត្តរតនគិរី មានបេក្ខជនចូលប្រឡងចំនួន ១,៩៧៧នាក់ ស្រី១, ០៨៦នាក់ក្នុងនោះបេក្ខជនចំណេះទូទៅ១,៧២៥នាក់ស្រី ៩៨២នាក់ .បេក្ខជនថ្នាក់បំពេញវិជ្ជា១៥៣នាក់ ស្រី៦៥.បេក្ខជន ស្វៃរិនចំណេះទូទៅ៦៣នាក់ ស្រី២៧នាក់.បេក្ខជនស្វ័យរិនបំពេញវិជ្ជា ៣៦នាក់ ស្រី១២នាក់។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃចន្ទទី១០
នេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អសម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តមបានផ្តាំផ្ញើ ដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានន័យថា អ្នកចេះ គឺជាប់។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរី សម័យប្រឡងថ្ងៃទី១០-១១ខែសីហាឆ្នាំ២០២៦ មានបេក្ខជនចូលរួមប្រឡង ចំនួន ១,៩៧៧ នាក់ ស្រី ១,០៨៦នាក់។ ក្នុងនោះជនជាតិដើមភាគតិច ស្មើនិង ៤៤.៩៩% ស្រី៤៤.០១%  រួមមាន៖ គ្រឹង ២២៥នាក់ស្រី១២៩នាក់.ទំពួន ៣២៩នាក់ ស្រី ១៧៤នាក់ .ព្រៅ ៧២នាក់ ស្រី ៤០នាក់.ចារ៉ាយ ១៨១នាក់ ស្រី ១០៣នាក់.កាចក់ ៣៤នាក់ ស្រី១១នាក់. កាវែត៤១នាក់ ស្រី ១៥នាក់. ព្នង ២នាក់ ស្រី១នាក់. លុន ៦នាក់ ស្រី ៥នាក់ សរុបចំនួន ៨៩០នាក់ ស្រី ៤៧៨នាក់ ។ ចំណែកមណ្ឌលប្រឡង និងបេក្ខជនត្រូវបានកំណត់ជា ៣មណ្ឌល សរុប ៨០បន្ទប់ ក្នុងនោះមណ្ឌលវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ៤០បន្ទប់.មណ្ឌលវិទ្យាល័យ សែនភូមិថ្មី ២៨បន្ទប់ និងមណ្ឌលអនុវិទ្យាល័យ ប៊ូ ថងទេសអន្លុង១២ បន្ទប់ ។

នៅថ្ងៃនេះដែរ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត បានអញ្ជើញបើក វិញ្ញាសានៅមណ្ឌលប្រឡង វិទ្យាល័យ
ហ៊ុនសែនភូមិថ្មី ឯកឧត្តម វ៉ាន់ សោភាអភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារ នៅមណ្ឌប្រឡង អនុវិទ្យាល័យ ប៊ូថង ទេសអន្លុង។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះគេសង្កេតឃើញថា មិនខុសគ្នាពីឆ្នាំមុនៗទេបេក្ខជន-បេក្ខនារីទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ មុននឹងឱ្យចូលក្នុងបន្ទប់ប្រឡង សំដៅធានាថា បេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូលក្នុងបន្ទប់ប្រឡងបានដាច់ខាត។ 
ដោយឡែក នៅក្រៅបរិវេណមណ្ឌលប្រឡង គេឃើញមានក្រុម ស.ស.យ.ក. ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង៣នោះថែមទៀតផង៕











Powered by Blogger.