អាជ្ញាធរឃុំ-សង្កាត់ក្នុងខេត្តកំពត លើកឡើងពីភាពមិនប្រក្រតីនៃការដេញថ្លៃមូលនិធិ ស្ទើរទូទាំង ៩៣ ឃុំ-សង្កាត់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ តំណាងអាជ្ញាធរមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់
និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូប ក្នុងខេត្តកំពត
ដោយសុំមិនបង្ហាញអត្តសញ្ញាណ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង
និងបានទទូចសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីក្រសួងសាម៉ី និងមន្ទីរជំនាញពាក់ព័ន្ធ
តាមរយៈបណ្តាញសារព័ត៌មាន ដើម្បីចុះធ្វើអធិការកិច្ចស្រាវជ្រាវលើភាពមិនប្រក្រតី
ជុំវិញដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ-សង្កាត់ (ផ្លូវបេតុង និងផ្លូវលំ)
ទាំង ៩៣ ឃុំ-សង្កាត់ ទូទាំងខេត្ត។
តាមការគូសបញ្ជាក់ពីតំណាងអាជ្ញាធរមូលដ្ឋាន
ដំណើរការដេញថ្លៃនាពេលកន្លងមក ត្រូវបានគេសង្កេតឃើញថាមានភាពខ្វះតម្លាភាព
និងមិនបានឆ្លុះបញ្ចាំងពីការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នោះឡើយ។
កត្តានេះបានបណ្តាលឱ្យក្រុមហ៊ុនទទួលការដែលឈ្នះការដេញថ្លៃ
ធ្វើសកម្មភាពសង់ផ្លូវមិនគ្រប់ស្តង់ដារបច្ចេកទេស និងគ្មានគុណភាព
ផ្ទុយពីគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឃុំ-សង្កាត់។
មេឃុំ និងក្រុមប្រឹក្សាឃុំ-សង្កាត់
សម្តែងការទាល់ច្រកដោយបញ្ជាក់ថា ពួកគាត់មានសិទ្ធិត្រឹមតែ
"ទទួលយក" លទ្ធផលនៃការដេញថ្លៃប៉ុណ្ណោះ
ដោយគ្មានលទ្ធភាពបដិសេធ ឬកែប្រែអ្វីបានឡើយ បើទោះបីជាដឹងយ៉ាងច្បាស់ថា
គម្រោងអភិវឌ្ឍន៍ទាំងនោះគ្មានប្រសិទ្ធភាព
និងមិនឆ្លើយតបនឹងតម្រូវការគុណភាពពិតប្រាកដក៏ដោយ។
ពួកគាត់បានលើកឡើងថា
ការអនុវត្តគម្រោងដែលខ្វះតម្លាភាព នាំឱ្យខាតបង់ថវិកាអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ
ហើយផ្លូវដែលស្ថាបនាហើយ ឆាប់ខូចខាតទៅវិញក្នុងរយៈពេលខ្លី បង្កផលប៉ះពាល់ដល់ជីវភាព
និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមូលដ្ឋានបានស្នើសុំយ៉ាងទទូចឱ្យ ក្រសួងមហាផ្ទៃ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរអធិការកិច្ចជាតិ ចុះធ្វើការអង្កេត
និងស្រាវជ្រាវស៊ីជម្រៅលើដំណើរការដេញថ្លៃ
និងគុណភាពសំណង់នៃគម្រោងផ្លូវមូលនិធិឃុំ-សង្កាត់ទាំង ៩៣ ក្នុងខេត្តកំពត ជាប្រញាប់។
ការស្វែងរកអន្តរាគមន៍ថ្នាក់ជាតិនេះ
រំពឹងថានឹងជួយកែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដេញថ្លៃមូលនិធិថ្នាក់ក្រោមជាតិ
ឱ្យមានគណនេយ្យភាព សារពើពន្ធច្បាស់លាស់ និងធានាថា រាល់រៀលនៃថវិកាជាតិ ត្រូវ
បានប្រើប្រាស់ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានពិតប្រាកដ៕













Post a Comment