មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលនេះជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ
សាមភាគីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ
និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង ចំណងមិត្តភាព ទំនុកចិត្ត
និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ
ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ
ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់
មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានថ្លែង អំណរគុណចំពោះ ការរួមចំណែកដ៏សំខាន់របស់ម៉ាឡេស៊ី
ក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ
និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកកាន់ប្រទេសកម្ពុជា
ដែលបានរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព
និងការកសាងទំនុកចិត្តនៅបណ្តោយព្រំដែន កម្ពុជា-ថៃ។
មេបញ្ជាការកងទ័ពជើងគោកទាំងពីរ
ក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត
និងបានឯកភាពបន្តរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា
និងកងទ័ពជើងគោកម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល
និងប្រកបដោយមិត្តភាព ដែលឆ្លុះបញ្ចាំងពី ចំណងមិត្តភាព ទំនុកចិត្ត
និងភាពជាដៃគូដែលកាន់តែរឹងមាំរវាងកងទ័ពជើងគោកទាំងពីរ៕



Post a Comment