ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មានគោលនយោបាយ ច្បាស់លាស់ចំពោះជនភៀសសឹក
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ចំពោះពលរដ្ឋភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអ្នកនំាពាក្យ បានថ្លែងថា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកប្រមាណជា២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ បាននៅឡើយ ដោយសារតែការរារាំងពី សំណាក់កងកម្លាំងថៃ តាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញ ផ្ទះសម្បែងដោយកងកម្លាំងថៃ។ឯកឧត្តមបន្តថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ចំពោះពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិល ត្រឡប់ទៅវិញបាននៅឡើយ សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ” ។
បើតាម ឯកឧត្តម ប៉ែន បូណា បានគូបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីទាមទារឱ្យពលរដ្ឋភៀសសឹកអាចវិល ត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ស្របតាមច្បាប់អន្តរជាតិ និងក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕

Post a Comment