រដ្ឋ និងឯកជន ប្តេជ្ញារួមសហការគ្នា និងជំរុញកម្ពុជាឱ្យកា្លយជាគោលដៅទេសចរណ៍ភាពយន្តលំដាប់ជាតិ និងអន្តរជាតិ
ខេតត្តសៀមរាប៖ កម្ពុជាបោះជំហានថ្មីឆ្ពោះទៅកាន់គោលដៅទេសចរណ៍ភាពយន្ត (Film Destination) តាមរយៈកិច្ចសហការរួមរវាងរដ្ឋ និងឯកជន។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត
និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦បានគូសបញ្ជាក់ថា
កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍ភាពយន្ត (Film
Destination) ទាំងកម្រិតជាតិ និងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ឯកឧត្តមរដ្ឋមន្ត្រី
បានមានប្រសាសន៍ថា៖ «កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ។
យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា
តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ
តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម
និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ
មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជា ទៅបង្ហាញជូនពិភពលោក»។
សិក្ខាសាលាថ្នាក់ជាតិនេះ
គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់
និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត
និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម
និងកំណត់វិធានការគន្លឹះ
សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។
សិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហាប់ ទូច
រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង
តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារអន្តរក្រសួង
ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគមទេសចរណ៍ សមាគមភាពយន្តកម្ពុជា
សមាគមសិល្បករ ផលិតករភាពយន្ត សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ
និងអន្តរជាតិ សរុបប្រមាណជាង ២០០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង
កម្ពុជាមិនអាចបន្តផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផលតែមួយ
ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រតាមបែបប្រពៃណីតែមួយមុខនោះទៀតឡើយ។
ផ្ទុយទៅវិញ យើងត្រូវបម្លែងពីការលក់ «ទីកន្លែង»
ទៅជាការលក់ «បទពិសោធន៍» និងពីការបង្ហាញ «ទេសភាព» ទៅជាការបង្កើត
«និទានកថា» ដែលមានអត្តសញ្ញាណ
មានអត្ថន័យជ្រាលជ្រៅ និងអាចចាក់ដល់បេះដូងរបស់ភ្ញៀវទេសចរ។
ទទ្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានលើកឡើងថា ទេសចរជំនាន់ថ្មី មិនត្រឹមតែចង់មកទស្សនា
ឬថតរូបនៅគោលដៅណាមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់រស់នៅក្នុងបទពិសោធន៍មួយ
ចង់ស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយទីកន្លែង
និងចង់បង្កើតការចងចាំដែលអាចផ្សារភ្ជាប់ពួកគេយ៉ាងជ្រាលជ្រៅជាមួយគោលដៅទេសចរណ៍នោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា
ការអភិវឌ្ឍទេសចរណ៍ភាពយន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅផលិតភាពយន្ត
និងគោលដៅទេសចរណ៍ភាពយន្តអន្តរជាតិដ៏មានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងតំបន់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី
និងជាប្រធានក្រុមការងារអន្តរក្រសួង បានបញ្ជាក់ថាសិក្ខាសាលាថ្នាក់ជាតិនេះ
នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការប្រមូលផ្តុំមតិយោបល់ បទពិសោធន៍
និងធាតុចូលដ៏មានតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានឈានទៅរៀបចំ
និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគន្លឹះដែលមានប្រសិទ្ធភាព
និងអាចអនុវត្តបានជាក់ស្តែង សំដៅរួមគ្នាស្វែងរកដំណោះស្រាយ
និងស្វែងរកការគាំទ្រដ៏សមស្រប សម្រាប់ការលើកកម្ពស់សមត្ថភាព ការច្នៃប្រឌិត
និងបង្កើនបរិយាកាសអំណោយផលដល់ការផលិតទេសចរណ៍ភាពយន្ត។
គួរគូសបញ្ជាក់ថា
កម្ពុជាធ្លាប់មានបទពិសោធន៍ប្រវត្តិសាស្ត្រដ៏ជោគជ័យ
ក្នុងការប្រើប្រាស់ឥទ្ធិពលនៃភាពយន្ត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍។
ជាក់ស្តែង កម្ពុជាធ្លាប់ជាទីតាំងថតខ្សែភាពយន្តអន្តរជាតិធំៗជាច្រើន ដូចជា Lord
Jim, Two Brothers និងជាពិសេសខ្សែភាពយន្តហូលីវូដខ្នាតធំ Tomb
Raider នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ភាពយន្ត Tomb Raider បានរួមចំណែកធ្វើឱ្យប្រាសាទតាព្រហ្ម
ដែលមានអត្តសញ្ញាណពិសេសដោយសំណង់បុរាណលាយឡំជាមួយព្រៃព្រឹក្សា
ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។ រហូតមកដល់សព្វថ្ងៃ
ភ្ញៀវទេសចរអន្តរជាតិមួយចំនួន នៅតែហៅប្រាសាទតាព្រហ្មក្រៅផ្លូវការថា «ប្រាសាទ Angelina Jolie»។ ភាពយន្ត First
They Killed My Father ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាព
និងសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើជាទីតាំងថតភាពយន្តខ្នាតអន្តរជាតិ
ព្រមទាំងបង្កើតផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការចំណាយ
និងការវិនិយោគដោយផ្ទាល់ទៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងអំឡុងពេលនៃការផលិតភាពយន្ត៕




Post a Comment