កិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោកប្រធានមន្ទីរ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញ នាយក និងមន្ត្រីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ខេត្ត។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំខែសីហា ដោយពិភាក្សាអំពី សមិទ្ធផល បញ្ហាប្រឈម ការងារដែលមិនទាន់សម្រេច និងដំណោះស្រាយ ព្រមទាំងទទួលយករបាយការណ៍ និងមតិយោបល់ពីលោក លោកស្រី អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ។

ជាមួយគ្នានេះ កិច្ចប្រជុំបានពិនិត្យលើការងារ រដ្ឋបាល វិន័យ ការគ្រប់គ្រងផ្ទៃក្នុង ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដោយផ្តោតលើការគោរពពេលវេលា ការទទួលខុសត្រូវ ការអនុវត្តភារកិច្ចតាមការបែងចែក និងការពង្រឹងសាមគ្គីភាព ឯកភាព និងប្រសិទ្ធភាពការងារ។

លោកប្រធានមន្ទីរ បានណែនាំឱ្យគ្រប់ការិយាល័យ និងអង្គភាពពាក់ព័ន្ធ បន្តពង្រឹងការងារជាក្រុម ពិនិត្យឱ្យច្បាស់ វាយតម្លៃឱ្យត្រង់ និងអនុវត្តឱ្យបានជាក់ស្តែង ព្រមទាំងជំរុញការងារដែលនៅសេសសល់ឱ្យបានសម្រេច និងរៀបចំការងារអាទិភាពសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព។ ទោះបីជាកិច្ចប្រជុំមានការពិភាក្សាយ៉ាងសកម្ម និងលើកឡើងពីបញ្ហាប្រឈមនានាក៏ដោយ សមាជិក សមាជិកាទាំងអស់ បានបង្ហាញនូវស្មារតីសហការ ការគោរពគ្នាទៅវិញទៅមក និងការចូលរួមយ៉ាងសកម្ម ក្នុងគោលបំណងរួម គឺធ្វើឱ្យការងាររបស់មន្ទីរកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយនឹងស្មារតី «សាមគ្គីភាពជាកម្លាំង ការទទួលខុសត្រូវជាមូលដ្ឋាន និងការងារជាក់ស្តែងជាលទ្ធផល» យើងនឹងបន្តរួមគ្នាអនុវត្តការងារឱ្យកាន់តែល្អប្រសើរ និងឆ្ពោះទៅសម្រេចគោលដៅរបស់មន្ទីរ៕






 

Powered by Blogger.