អង់គ្លេស និងបារាំងត្រៀមទប់ទល់រលកកម្តៅថ្មី ខណៈអឺរ៉ុបភាគខាងលិចបំបែកកំណត់ត្រាសីតុណ្ហភាព
ប៉ារីស៖ ចក្រភពអង់គ្លេស និងប្រទេសបារាំង កំពុងត្រៀមលក្ខណៈទប់ទល់នឹងរលកកម្តៅលើកទី៥ សម្រាប់រដូវក្តៅនេះ ខណៈដែលអាកាសធាតុក្តៅហែងបានវាយលុកទ្វីបអឺរ៉ុបជាបន្តបន្ទាប់ចាប់តាំងពីខែឧសភាមកម្ល៉េះ។
ទីភ្នាក់ងារឧតុនិយមជាតិបារាំង
Météo-France
បានចេញការព្រមានថា សីតុណ្ហភាពនៅភាគអាគ្នេយ៍ប្រទេស បារាំង
អាចនឹងហក់ឡើងដល់ជិត ៤០អង្សាសេចាប់ពីថ្ងៃអង្គារតទៅ។ ចំណែកឯនៅអង់គ្លេសវិញ
អាជ្ញាធរបានប្រកាសអាសន្នសុខភាពកម្រិតពណ៌លឿងទុំនៅតំបន់ភាគច្រើននៃប្រទេសអង់គ្លេស
ដោយព្យាករណ៍ថាសីតុណ្ហភាពនឹងកើនឡើងដល់ ៣៦អង្សាសេនៅចុងសប្តាហ៍នេះ។
កន្លងមក
កម្តៅដ៏សាហាវនៅទូទាំងអឺរ៉ុប បានបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ
គ្រោះរាំងស្ងួតអូសបន្លាយ ការបំបែកកំណត់ត្រាសីតុណ្ហភាពថ្មីៗ
និងការប៉ាន់ស្មានថាបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ផងដែរ។ យោងតាមទិន្នន័យអាកាសធាតុ
គិតត្រឹមពេលនេះ ឆ្នាំ២០២៦ គឺជាឆ្នាំដែលក្តៅបំផុតទី៣ បន្ទាប់ពីឆ្នាំ២០២៤ និង២០២៥ ។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រព្រមានថា
ដោយសារការរួមបញ្ចូលគ្នានៃការឡើងកម្តៅផែនដីបង្កដោយមនុស្ស និងបាតុភូតអែលនីណូ (El Nino) ដ៏ធំ ឆ្នាំ២០២៦ នេះ
អាចនឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ។
យោងតាមទីភ្នាក់ងារអាកាសធាតុអឺរ៉ុប
Copernicus
កាលពីខែមុន កម្រិតសីតុណ្ហភាពមធ្យមនៃផ្ទៃសមុទ្របានហក់ឡើងដល់
២០,៩៦អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែកក្កដា
ដោយបំបែកកំណត់ត្រាចាស់ឆ្នាំ២០២៣ ដែលមានត្រឹម ២០,៨៩អង្សាសេ។ ទោះជាយ៉ាងណា សីតុណ្ហភាពខ្យល់លើផ្ទៃដីជាមធ្យមសកលកាលពីខែមុន
គឺស្ថិតនៅត្រឹម ១៦,៩០អង្សាសេ ដែលស្មើនឹងកំណត់ត្រាខែកក្កដា ឆ្នាំ២០២៤ ដែលជាខែកក្កដាក្តៅបំផុតទី២
ក្នុងប្រវត្តិសាស្ត្រ៕

Post a Comment