វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញការិយាល័យជួរមុខ និងគេហកិច្ច
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ សហការជាមួយ អង្គការស្វីសខន់ថាក់ បើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញការិយាល័យជួរមុខ និងគេហកិច្ច ជូនដល់មន្ទីរទេសចរណ៍ខេត្តគោលដៅទាំង១២ របស់គម្រោង ដែលមានសិក្ខាកាមសរុបចំនួន ២៥រូប (ស្រី ១២រូប)។
កម្មពិធីនេះ រៀបចំឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង HoKa រួមជាមួយ លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ តំណាងលោក Subas Subedi ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact ព្រមទាំងមានការចូលរួមពីតំណាងសាលាវិជ្ជាជីវៈទេសចរណ៍ សមាគមសណ្ឋាគារ មន្ទីរទេសចរណ៍រាជធានី-ខេត្តគោលដៅគម្រោងទាំង១២ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តំណាងសណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងសិក្ខាកាមសរុបចំនួន ៦០រូប។
ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង កសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាអ្នកវាយតម្លៃជាតិបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជំនាញការិយាល័យជួរមុខ និងគេហកិច្ចដោយធ្វើការបំពាក់បំប៉នចំណេះដឹងថ្មីៗ និងជំនាញបន្ថែម ដើម្បីចូលរួមចំណែកក្នុងការកសាងធនធនមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការ និងជាពិសេសលើកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈទេសចរណ៍។
ឯកឧត្តមបន្តថា សិក្ខាកាមត្រូវឆ្លងកាត់ការបណ្តុះបណ្តាលលើចំណេះដឹង
ជំនាញ និងឥរិយាបថ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
នៅសណ្ឋាគារ Anik
palace hotel ដោយផ្តោតលើម៉ូឌុលសំខាន់ៗ រួមមាន៖ ១.ការយល់ដឹងអំពីក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា, ២.តួនាទី និងភារកិច្ចរបស់អ្នកវាយតម្លៃបង្គោលជាតិ, ៣.គោលការណ៍ និងវិធីសាស្ត្រវាយតម្លៃសមត្ថភាព, ៤.ការរៀបចំផែនការវាយតម្លៃ និងឧបករណ៍វាយតម្លៃ និង៥.វិធីសាស្ត្រវាយតម្លៃសមត្ថភាពសិក្ខាកាមប្រកបដោយតម្លាភាព និងសុពលភាព។
បន្ថែមពីនេះ
សិក្ខាកាមក៏ត្រូវឆ្លងកាត់ ការធ្វើតេស្ត និងការវាយតម្លៃសមត្ថភាព ក្រោយបញ្ចប់វគ្គ
ដើម្បីធានាថា អ្នកចូលរួមមានចំណេះដឹង ជំនាញ
និងសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីជាអ្នកវាយតម្លៃបង្គោលប្រកបដោយវិជ្ជាជីវៈ
និងស្របតាមស្តង់ដារដែលបានកំណត់។
ឯកឧត្តមរដ្ឋលេខាធិការក៍បានថ្លែងកោតសរសើរដល់
នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
និងជាលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា អង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅទាំង១២
និងជាពិសេសក្រុមការងារទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទប្រកបដោយបុរេសកម្ម
និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍
ដោយត្រឹមឆ្នាំ២០២៥ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង ម្ចាស់អាជីវកម្មទេសចរណ៍ គ្រូបង្គោល
និងអ្នកវាយតម្លៃបង្គោលសរុបចំនួន ៨ ៨១១ នាក់ នៅតាមខេត្តគោលដៅគម្រោងទាំង១២
និងតាមបណ្តាលខេត្តមួយចំនួនទៀត៕










Post a Comment