កូរ៉េខាងត្បូង និងអាមេរិក ត្រៀមធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១៧ ដល់ ២៧ ខែសីហា ដោយផ្តោតសំខាន់លើការទប់ទល់នឹងដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារសាយប័រ (Cyberattacks)។
មន្ត្រីយោធាអាមេរិក
លោកវរសេនីយ៍ឯក រីយ៉ាន់ ដូណាល់ (Ryan Donald) បានបញ្ជាក់ថា
សមយុទ្ធ Ulchi
Freedom Shield (UFS) នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព
ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប។ លោកបានសង្កត់ធ្ងន់ថា
ទាហានកូរ៉េខាងជើងបានទទួលបទពិសោធន៍ផ្ទាល់ពីសង្គ្រាមនៅអ៊ុយក្រែន
ដែលធ្វើឱ្យសមត្ថភាពយោធារបស់ពួកគេកាន់តែគ្រោះថ្នាក់
ដូច្នេះសម្ព័ន្ធមិត្តត្រូវតែហ្វឹកហាត់ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងទាំងនេះ។
សមយុទ្ធការពារនេះ នឹងមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងប្រមាណ ១៨,០០០នាក់។
ទោះបីជាអាមេរិក
និងកូរ៉េខាងត្បូងអះអាងថាជាការហ្វឹកហាត់ការពារខ្លួនក្តី ប៉ុន្តែទីក្រុងព្យុងយ៉ាង
តែងតែថ្កោលទោសសមយុទ្ធនេះថាជាការបង្កហេតុ។ ការប្រកាសធ្វើសមយុទ្ធនេះ
កើតឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរកំពុងតានតឹងខ្លាំង
ខណៈដែលកូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលសាកល្បងកាលពីសប្តាហ៍មុន
និងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលគោលដៅ «បង្រួបបង្រួមជាតិ»
ព្រមទាំងប្រកាសខ្លួនឯងថាជា «រដ្ឋអាវុធនុយក្លេអ៊ែរ»
ជាផ្លូវការថែមទៀតផង៕

Post a Comment