ប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី ទស្សនាវប្បធម៌ និងសិល្បៈល្បាញល្បីនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្រោយការបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំ និងវេទិកាស្តីពីអភិបាលកិច្ចល្អ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។

ទស្សនកិច្ចនេះរៀបចំឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព បង្ហាញពីសក្តានុពលទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះ ប្រតិភូបានទស្សនាភាពអស្ចារ្យនៃប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈនៃស្ថាបត្យកម្មកំពូល និងជាបេះដូងនៃអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងទស្សនាមជ្ឈមណ្ឌលសិល្បៈសិប្បកម្ម Artisans Angkor ដែលអាចឱ្យប្រតិភូទាំងអស់ បានឈ្វេងយល់ផ្ទាល់ ពីដំណើរការផលិតសិប្បកម្មប្រពៃណី ដូចជាការឆ្លាក់ថ្ម ការឆ្លាក់ឈើ និងការត្បាញសូត្រ ដែលឆ្លុះបញ្ចាំងពីការថែរក្សា និងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈសិល្បៈ។
ទស្សនកិច្ចនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីប្រតិភូអន្តរជាតិទាំងអស់ ក្នុងការកោតសរសើរមិនដាច់ពីមាត់នូវវិស្វកម្មបុរាណខ្មែរ ព្រមទាំងបានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់កម្ពុជា មិនត្រឹមតែក្នុងការដឹកនាំកិច្ចប្រជុំកម្រិតតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញបំផុត៕










Powered by Blogger.