ក្នុងខែកក្កដា ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់ជាង ២លានម៉ែត្រគូប មិនឱ្យបំពុលបរិស្ថាន និងប្រភពទឹកធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់ និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២ ២៧០ ២៨៥ម៉ែត្រគូប មិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។
ជាមួយគ្នានេះ
ក្រសួងបរិស្ថានបាននិងគ្រប់គ្រងទឹកកខ្វក់ មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានា
ចំនួន៧៣ ២៣៥ ម៉ែត្រគូប ប៉ះពាល់ប្រភពទឹកសធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។
លទ្ធផលសម្រេចបាននាពេលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន
ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន
ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ
និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត
(ទឹក ដី មេឃ)។
លើសពពីនេះ
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស
ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ
និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ
សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។
សូមបញ្ជាក់ថា
ក្រុមហ៊ុន រោងចក្រនិងសហគ្រាស ចំនួន៦៤
ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា
១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
គិតចាប់ពីខែមករាឆ្នាំ២០២៥
រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់
ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសជាង ៣៥លានម៉ែត្រគូប (៣៥ ២៣៥ ០០៣ម៉ែត្រគូប)
មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។
ដោយឡែកក្នុងរយៈពេល៧ខែ(មករា-
កក្កដា) ឆ្នាំ២០២៦នេះ ទឹកកខ្វក់ជាង ១៥ ១៦០ ៧៣០ម៉ែត្រគូប
ត្រូវបានត្រួតពិនិត្យនិងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន៕



Post a Comment