អ៊ីរ៉ង់ គំរាមវាយក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស បើសហរដ្ឋអាមេរិកបើកការវាយប្រហារឡើងវិញ
បរទេស៖ អ៊ីរ៉ង់បានព្រមានបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សថាការវាយប្រហារជាថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅទូទាំងតំបន់ ខណៈអ៉ីរ៉ង់កំពុងព្យាយាមបង្កើនការព្រមានពីផលវិបាកនៃសកម្មភាពយោធាតាមរយៈការសម្លុតគំរាមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់។
សារព្រមានរបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនតាមរយៈការទំនាក់ទំនងការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់
ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃទី២៨
ខែកក្កដាថានឹងវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ២នាក់ មន្ត្រី២ ក្នុងតំបន់ឈូងសមុទ្រពែក្ស
ព្រមទាំងអ្នកការទូតជាន់ខ្ពស់ម្នាក់ក្នុងតំបន់ដែលបានដឹងពីកិច្ចពិភាក្សា
បាននិយាយថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអារ៉ាប៊ីសាអូឌីត តួកគី និងកាតា
ព្រមទាំងជាមួយប្រមុខកងទ័ពប៉ាគីស្ថាន។
ក្នុងកិច្ចពិភាក្សាទាំងនោះ
លោក Araqchi
បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ
ដើម្បីបញ្ចុះបញ្ចូលកុំឱ្យលោក ត្រាំ បើកការវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់
ភ្ជាប់ជាមួយការព្រមានការវាយប្រហារលើអ៊ីរ៉ង់នឹងជំរុញឱ្យមានការសងសឹកប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក
និងរោងចក្រថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ។ សារព្រមានបែបនេះរបស់ លោក Araqchi ត្រូវបានបញ្ជូននៅគ្រប់ពេលនៅពេលដែលមានកិច្ចពិភាក្សាការទូត។ «យើងបានត្រៀមខ្លួនជានិច្ចដើម្បីសងសឹក
ប៉ុន្តែការស្វែងរកដំណោះស្រាយការទូតគឺជាមធ្យោបាយមួយដ៏ល្អបំផុតដើម្បីបញ្ចៀសការកើនឡើងជម្លោះ
និងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់»។
នេះជាសារព្រមានរបស់លោក Araqchi
ដែលលោកតែងតែលើកឡើងគ្រប់ពេលក្នុងកិច្ចពិភាក្សាជាមួយសមភាគីរបស់លោក។
ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត
Mohammed
bin Salman ត្រូវបានរាយការណ៍ថាបានបើកកិច្ចពិភាក្សាភ្លាមៗជាមួយលោក
ត្រាំ ដោយជំរុញឱ្យលោកប្រធានាធិបតីលុបចោលគម្រោងវាយប្រហារលើអ៊ីរ៉ង់
ហើយត្រឡប់ទៅរកកិច្ចចរចាវិញសំដៅសម្រេចឱ្យបាននូវបទឈប់បាញ់មួយ
និងបន្តការដោះស្រាយបញ្ហាតាមរយៈការទូត។ រហូតដល់ថ្ងៃទី២ ខែសីហា ទើបលោក
ត្រាំបានប្រកាសពីការលុបចោលគម្រោងវាយប្រហារលើអ៊ីរ៉ង់
ដើម្បីបើកផ្លូវចរចាស្វែងរកកិច្ចព្រមព្រៀង
និងតបតាមសំណើរបស់សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់។
ការព្រមានរបស់អ៊ីរ៉ង់ផងដែរ
មានបំណងបញ្ជូនទៅកាន់គ្រប់ប្រទេសទាំងអស់ក្នុងតំបន់ឈូងសមុទ្រពែក្ស
ប៉ុន្តែសារទាំងនោះត្រូវបានផ្ញើជាពិសេសតាមរយៈអារ៉ាប៊ីសាអូឌីត និងកាតា។ កាតា អូម៉ង់
និងអារ៉ាប៊ីសាអូឌីតសុទ្ធតែបាន
និងកំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបើកកិច្ចចរចាឡើងវិញជាមួយតេហេរ៉ង់ និងបញ្ចៀសការវាយប្រហារឡើងវិញ
ក្នុងពេលដែលក្រុមមន្ត្រីអ៊ីរ៉ង់ព្រមានថា
ការវាយប្រហារជុំថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ពួកគេ
អាចនឹងរុញច្រានឱ្យតំបន់ទាំងមូលធ្លាក់ចូលភ្លើងសង្រ្គាម៕

Post a Comment