កាតាអះអាងថា កិច្ចប្រឹងប្រែងការទូតរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្ត ទោះគ្មានការចរចាផ្ទាល់
ដូហា៖ ក្នុងនាមជាអ្នកសម្របសម្រួល ប្រទេសកាតា បានបញ្ជាក់នៅថ្ងៃអង្គារថា ការស្វែងរកដំណោះស្រាយការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងបន្តដំណើរការទៅមុខ បើទោះបីជាបច្ចុប្បន្នមិនទាន់មានផែនការចរចាដោយផ្ទាល់រវាងភាគីទាំងពីរក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា
បានបញ្ជាក់ថា ការចរចាបច្ចុប្បន្នផ្តោតសំខាន់លើ «ដំណោះស្រាយរយៈពេលខ្លី» ដើម្បីបន្ធូរបន្ថយភាពតានតឹង
និងការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលនឹងត្រួសត្រាយផ្លូវទៅរកកិច្ចព្រមព្រៀងដ៏ធំមួយ។
លោកបន្ថែមថា កាតាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអូម៉ង់
និងប៉ាគីស្ថានដើម្បីជួយសម្របសម្រួលការផ្លាស់ប្តូរសារ និងសេចក្តីព្រាងរវាងអាមេរិក
និងអ៊ីរ៉ង់។
ការអះអាងនេះ
ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានយល់ព្រមបន្តការចរចាតាមសំណើរបស់បណ្តាប្រទេសអារ៉ាប់ ប៉ុន្តែលោកបានព្រមានថា
នេះគឺជា «ឱកាសចុងក្រោយ» សម្រាប់ទីក្រុងតេហេរ៉ង់។
លោក ត្រាំ ក៏បានរំពឹងថា ច្រកសមុទ្រហ័រមូស
អាចនឹងបើកដំណើរការឡើងវិញនៅថ្ងៃស្អែកផងដែរ។
ទោះជាយ៉ាងណា
ភាពចម្រូងចម្រាសនៅតែមាន
ខណៈក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធដាច់អហង្ការកាលពីថ្ងៃចន្ទ
ថាមិនមានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងប្រព្រឹត្តទៅនោះឡើយ៕

Post a Comment