ត្រាំ ចាត់ទុកការធ្វើជាម្ចាស់ផ្ទះ World Cup គឺជាជ័យជម្នះដ៏ធំរបស់អាមេរិក
ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup 2026) គឺជាជ័យជម្នះពិតប្រាកដរបស់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងពិធីជប់លៀងរបស់
FIFA លោក ត្រាំ បានសង្កត់ធ្ងន់ថា
អាមេរិកក៏ជាប្រទេសបាល់ទាត់មួយដ៏អស្ចារ្យដែរ
ហើយព្រឹត្តិការណ៍នេះពិតជាបាននាំពិភពលោកឱ្យមកជួបជុំគ្នា។ ភាពជោគជ័យនេះ
កើតឡើងក្រោយពីសេតវិមានបានជម្នះឧបសគ្គផ្នែកភស្តុភារ និងនយោបាយអស់ជាងមួយឆ្នាំ
ក្នុងការធ្វើជាសហម្ចាស់ផ្ទះជាមួយកាណាដា និងម៉ិកស៊ិក
ជាពិសេសការដោះស្រាយរឿងរ៉ាវស្មុគស្មាញពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង
និងការរឹតបន្តឹងទិដ្ឋាការលើក្រុមជម្រើសជាតិ និងអ្នកគាំទ្រអ៊ីរ៉ង់
ក្រោយអាមេរិកបើកសង្គ្រាមជាមួយអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក្តី
លោក ត្រាំ ធ្លាប់បានបង្កភាពចម្រូងចម្រាសកាលពីដើមខែ ដោយបានអន្តរាគមន៍ឱ្យប្រធាន FIFA លុបចោលកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក ហ្វូឡារីន
បាឡូហ្គាន់ (Folarin Balogun) ដើម្បីអាចចូលលេងទល់នឹងបែលហ្ស៊ិក
ដែលលោកចាត់ទុកថាជាការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ FIFA។
មន្ត្រីសេតវិមានបានការពារការអន្តរាគមន៍នេះថា
រដ្ឋាភិបាលមានកាតព្វកិច្ចធានាសុចរិតភាពនៃការប្រកួត
ដោយសារអាមេរិកបានចំណាយថវិការាប់ពាន់លានដុល្លារ។
ភាពជោគជ័យនៃការរៀបចំ
World Cup ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ
មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកមុខមាត់អាមេរិក
ខណៈប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨
អូឡាំពិករដូវរងាឆ្នាំ២០៣៤ និងការរំពឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World
Cup នារី ឆ្នាំ២០៣១ ខាងមុខនេះផងដែរ៕

Post a Comment