កូវ៉ែត និងបារ៉ែន បើកប្រព័ន្ធការពារដែនអាកាសទប់ទល់ការវាយប្រហារពីអ៊ីរ៉ង់
ទីក្រុងគូវ៉ែត៖ កងទ័ពកូវ៉ែត និងបារ៉ែន នៅថ្ងៃអាទិត្យបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ កំពុងសកម្មក្នុងការស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ខណៈសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពេញរដ្ឋធានីនៃប្រទេសទាំងពីរ។
អាជ្ញាធរកូវ៉ែតបានបញ្ជាក់ថា
ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កឱ្យមានអគ្គិភ័យឆាបឆេះរោងចក្រផលិតអគ្គិសនី
និងចម្រោះទឹកសាប ជាថ្ងៃទីពីរជាប់ៗគ្នា។ ចំណែកនៅប្រទេសបារ៉ែន
ដែលជាទីតាំងឈរជើងរបស់កងនាវាចរទី៥ អាមេរិក ក៏បានប្រកាសពីការបាញ់ទម្លាក់ដ្រូន
និងមីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់ផងដែរ ព្រមទាំងចោទប្រកាន់ទីក្រុងតេហេរ៉ង់
ថាមានចេតនាវាយប្រហារលើជនស៊ីវិល។
ការប្រឈមមុខដាក់គ្នានេះ
កើតឡើងបន្ទាប់ពីយោធាអ៊ីរ៉ង់ប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថា
ខ្លួនបានប្រើប្រាស់ដ្រូនអត្តឃាត វាយប្រហារលើមូលដ្ឋានយោធាអាមេរិកចំនួន
២កន្លែងនៅកូវ៉ែត ដើម្បីសងសឹកការវាយប្រហាររបស់អាមេរិក។
ការវាយបករបស់អ៊ីរ៉ង់នេះ
ធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសវាយប្រហារលើអ៊ីរ៉ង់ ដើម្បី «ផ្តន្ទាទោស» ចំពោះការបាត់បង់ជីវិតកងទ័ពអាមេរិកជាលើកដំបូង
ចាប់តាំងពីជម្លោះបានផ្ទុះឡើងវិញ។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា ទាហានអាមេរិក ២នាក់បានស្លាប់កាលពីថ្ងៃសុក្រ
អំឡុងពេលទប់ទល់នឹងការវាយប្រហារដោយមីស៊ីលផ្លោង និងដ្រូនរបស់អ៊ីរ៉ង់
ខណៈទាហានម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕ (AFP)

Post a Comment