ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រាប់មន្រ្តីជាន់ខ្ពស់ UN ពីសកម្មភាពបន្តឈ្លានពានកម្ពុជា ពីសំណាក់ភាគីថៃ
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពីសកម្មភាពនានា របស់យោធា ដែលបានបំពានកម្ពុជា ឥតឈប់ឈររហូតមកដល់បច្ចុប្បន្ន ទោះបីជាមានបទឈប់បាញ់ ។
ក្នុងជំនួបជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការ
អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា
ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសកម្មភាពផ្សេងៗ
របស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ
ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស
និងច្បាប់មនុស្សធម៌អន្តរជាតិដូចជា ៖ ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា
ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង
និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ , ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃ
ចំពោះពលការិនីខ្មែរ ចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ, ការវាយប្រហារមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។
ឯកឧត្តមបន្តថា
ជាពិសេសភាគីថៃ នាពេលបច្ចុប្បន្ន
បានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ
និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់
និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បន្ថែមថា
ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ
ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀស សឹកជាង ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅលំនៅឋាន
របស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជា ដោយខុសច្បាប់ របស់យោធាថៃ
ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ
ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា៕



Post a Comment