អាជ្ញាធរខេត្តកំពត ណែនាំមន្ត្រីជំនាញពាក់ព័ន្ធឱ្យរួមលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តន៍ជន

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតបានណែនាំដល់លេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តន៍ជន និងគ្រួសាររបស់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅ។

ការណែនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តនេះ ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារជំនាញ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការថែទាំ និងជួយឧបត្ថម្ភអតីតយុទ្ធជន និងនិវត្តន៍ជននៅទូទាំងខេត្ត។ តែយ៉ាងណាក៏ដោយ ឯកឧត្តមបានជំរុញឱ្យមន្ត្រីជំនាញ និងគណៈកម្មាធិការសមាគមគ្រប់ថ្នាក់ បន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព ការគាំពារសង្គម និងសិទ្ធិប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន គ្រួសារជនពលី និងគ្រួសារជនមរណៈ។ ជាមួយគ្នានោះ ត្រូវបន្តចុះស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែង ដោះស្រាយបញ្ហាប្រឈម និងផ្តល់ជំនួយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យអតីតយុទ្ធជន និងនិវត្តជនទទួលបានការយកចិត្តទុកដាក់ និងការថែទាំប្រកបដោយប្រសិទ្ធភាព។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហុក ចន្ដា អនុប្រធានប្រចាំការ គណៈកម្មាធិការសមាគម និងជាប្រធានលេខាធិការដ្ឋាន បានបង្ហាញថា បច្ចុប្បន្ន ខេត្តកំពតមានអតីតយុទ្ធជន និងគ្រួសារជនពលី សរុប ៥,៦៦៩ នាក់ ក្នុងនោះមានសមាជិកសមាគម ៤,៦៥៧នាក់ ខណៈអតីតមន្ត្រីរាជការស៊ីវិលមានចំនួន ២,៤៧៤ នាក់។ សម្រាប់ ឆមាសទី១ ឆ្នាំ២០២៦ សមាជិកសមាគមដែលទទួលមរណភាពមានចំនួន ៧៤នាក់ ហើយក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារសពបានគ្រប់ចំនួន សរុបទឹកប្រាក់ ២៩៦លានរៀល។ 

ទន្ទឹមនឹងនេះ ក៏មានការបំពេញបន្ថែមថវិកាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនគ្រួសារសពចំនួន ៤០ករណី ស្មើនឹង ១៦០លានរៀល ព្រមទាំងសហការជាមួយមូលនិធិជំនួយសង្គម ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពជូនគ្រួសារសពចំនួន ២៩នាក់ សរុបទឹកប្រាក់ជាង ៤៤៥លានរៀល ដែលបានរួមចំណែកលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសាររបស់ពួកគាត់៕





 

Powered by Blogger.