អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យតំបន់ព្រំដែនកម្ពុជា ទីដែលទាហានថៃ រំលោភកំពុងកាន់កាប់ខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះ សំណាល ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី មិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាល្អរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណមួយដែលបញ្ជាក់ ពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

វត្តមានរបស់លោកនៅតំបន់ជម្លោះ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានទាំងមូល។ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់សន្តិសុខរួមក្នុងតំបន់៕





 

Powered by Blogger.