ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ១,៨០៩អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ននានា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបប្រមាណ ៣,៥០០អង្គ/នាក់។
តាមរបាយការណ៍
ឯកឧត្តម
លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា
និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនាពេលនេះមានចំនួន ១,៨០៩អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ១នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៣នាក់, ថ្នាក់បរិញ្ញា បត្រ
១,៤១០នាក់ និងថ្នាក់បរិញ្ញាបត្ររង ៣៤៥នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ មាន
៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធី) និង ទីតាំងទី៣-ទួលពង្រ
ដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖
១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និង កុំព្យូរទ័រ,
២-ថ្នាក់បរិញ្ញាបត្ររង,
៣-ថ្នាក់បរិញ្ញាបត្រ,
៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាកម្មវិធីសិក្សាជា ភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែររួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀន ជាភាសាអង់គ្លេស១០០%។ សាកលវិទ្យាល័យមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖
១-គ្រប់គ្រងពាណិជ្ជកម្ម,
២-ហិរញ្ញវត្ថុ និង ធនាគារ, ៣-សេដ្ឋកិច្ច,
៤-ច្បាប់,
៥-អប់រំ
សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល
និងទូរគមនាគមន៍,
៩-វិស្វកម្ម,
១០-ស្ថាបត្យកម្ម,
១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។ ថ្មីៗនេះ សាកលវិទ្យាល័យក៏បានចុះកិច្ចព្រមព្រៀងជាមួយ
MONASH
University ដែលជាសាកលវិទ្យាល័យដ៏ល្បី មានស្តង់ដាខ្ពស់
និងមានការទទួលស្គាល់ជុំវិញពិភពលោក មកពីប្រទេសអូស្ត្រាលី
ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅថ្ងៃទី២៦
ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប
(ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ
និងទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយនឹងការអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានធ្វើការកោតសរសើរចំពោះការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ
នឹងទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសសម្រាប់ខ្លួនឯង
នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី
ដែលជាមាគ៌ាជីវិតរបស់ខ្លួនទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ក៏បានរំលេចដែរថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ
ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សានៅពេលនេះ
បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា
ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា
ការអប់រំទៅលើជំនាញតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ ប្អូនៗត្រូវមានទាំងចំណេះ
និងវិន័យ ទើបអាចក្លាយជាមន្រ្តីដែលពោរពេញទៅដោយសមត្ថភាព និងគុណភាព ដោយ ឯកឧត្តម
បានសង្កត់ធ្ងន់ថា «ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ
ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអាកប្បកិរិយា (វិន័យ)»។
ជាមួយគ្នានេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា
ដើម្បីប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ រាជរដ្ឋាភិបាល
នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់
និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស
ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ
ការអភិវឌ្ឍមូលធនមនុស្សនៅតែជាការងារអាទិភាពទី១ ហើយ បច្ចេកវិទ្យា
ជាអាទិភាពគន្លឹះថ្មីសម្រាប់លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស
និងចង្អុលបង្ហាញពីការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ
ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ថ្លែងទៅកាន់អង្គពិធី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ដល់និស្សិតជ័យលាភី
ត្រូវបន្តពង្រឹងសមត្ថភាពជាប្រចាំ (Lifelong learning), ការប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង, ការរក្សាសីលធម៌ វិន័យនៅក្នុងការបំពេញតួនាទី និងវិជ្ជាជីវៈ
ការប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពនៅគ្រប់កាលៈទេសៈ
និងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ
ដែលជាស្នូលនៃភាពជាខ្មែរ ហើយត្រូវរួមគ្នាបំផុសស្មារតីស្រឡាញ់ ថែរក្សា មានមោទនភាព
និងរួមគ្នាគាំទ្រ ក៏ដូចជាការពារអ្វីៗ ដែលជារបស់ខ្មែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
លើកឡើងថា អនាគតរបស់របស់ប្រទេសជាតិមិនមែនជាអ្វីដែលយើងត្រូវរង់ចាំមើលនោះទេ
ប៉ុន្តែជាអ្វីដែលយើងត្រូវរួមគ្នាបន្តកសាង យើងគួរតែធ្វើកិច្ចសន្យាជាមួយជាតិយើង
ដើម្បីជាតិយើង សម្រាប់ជាតិយើង។ ជាពិសេសសូមបន្តគាំទ្រ ជឿជាក់
និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី
ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឱ្យបានជាដាច់ខាត ដោយបន្តគាំទ្រជំហរ
និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី
ការពារអាយុជីវិត និងភាពរុងរឿងរបស់ជាតិ និងប្រជាជនយើងនៅគ្រប់កាលៈទេសៈ។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងថតរូបអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីនាពេលនោះផងដែរ៕

Post a Comment