សហរដ្ឋអាមេរិក វាយប្រហារលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយផ្លូវដែករបស់អ៊ីរ៉ង់

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្លាក់ត្រូវចំអាកាសយានដ្ឋាន ស្ថានីយផ្លូវដែកមួយកន្លែងក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពាន២កន្លែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz

តាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB ស្នូរផ្ទុះចំនួន៣លើកបានកើតឡើងនៅអាកាសយានដ្ឋាន ហើយយ៉ាងហោចមានមីស៊ីលមួយគ្រាប់របស់សហរដ្ឋអាមេរិកបានធ្លាក់ត្រូវចំអាកាសយានដ្ឋាន Iranshahr ស្ថិតនៅភាគអាគ្នេយ៍។ សារព័ត៌មានអ៊ីរ៉ង់ Mehr បានឱ្យដឹងទៀតថាប៉ុន្មាននាទីក្រោយមក ស្ថានីយរថភ្លើង Bandar Abbas បានរងការវាយប្រហារដោយបណ្ដាលមនុស្ស ២នាក់រងរបួស។ ចំណែក សារព័ត៌មាន IRNA វិញបានរាយការណ៍ថា ស្ពាន២កន្លែងក្នុងខេត្ត Hormozgan រងការវាយប្រហារតាមផ្លូវអាកាស ហើយមនុស្ស២នាក់បានស្លាប់ និង៤នាក់រងរបួស។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្កើនការវាយប្រហារសងសឹកដាក់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលយោធាអាមេរិកអះអាងថាខ្លួនបើកការវាយប្រហារ៦យប់ជាប់ៗគ្នាលើអ៊ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពយោធាអ៊ីរ៉ង់។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសក្បែរខាង ក្នុងនោះរួមមានទាំងការពង្រីកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលអ៊ីរ៉ង់អះអាងថាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើមន្ទីរពេទ្យព្យាបាលជំងឺមហារីកសម្រាប់កុមារអ៊ីរ៉ង់មួយកន្លែងកាលពីយប់ថ្ងៃពុធកន្លងទៅ៕ (AFP)



Powered by Blogger.