អ៊ីរ៉ង់គ្រោងប្រើប្រាស់ច្រកសមុទ្រក្រហមជាចំណុចដាក់សម្ពាធថ្មី បន្ទាប់ពីច្រកសមុទ្រហ័រមូស
បេរូត៖ បន្ទាប់ពីបានបិទខ្ទប់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសរួចមក ប្រទេសអ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹងប្រើប្រាស់សន្លឹកបៀដ៏គ្រោះថ្នាក់បំផុតមួយទៀត នោះគឺការប្រើប្រាស់សម្ព័ន្ធមិត្តហ៊ូទីនៅយេម៉ែន ដើម្បីបិទច្រក Bab el-Mandeb ចូលទៅកាន់សមុទ្រក្រហម ដែលនេះគឺជាការបើកសមរភូមិថ្មីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងដាក់ឱ្យផ្លូវសរសៃឈាមថាមពលដ៏សំខាន់បំផុតទាំងពីររបស់ពិភពលោកស្ថិតក្នុងហានិភ័យ។
ស្របពេលដែលការវាយប្រហាររបស់សហរដ្ឋអាមេរិកបានចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ីរ៉ង់
ហើយការវាយប្រហាររបស់ក្រុមហ៊ូទីក៏កំពុងកើនឡើងស្របគ្នានោះ ក្រុមអ្នកវិភាគយល់ឃើញថា
ទីក្រុងតេហេរ៉ង់ កំពុងពង្រីកវិសាលភាពនៃជម្លោះ
និងស្វែងរកការដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន
តាមរយៈការពង្រីកការគំរាមកំហែងដល់ពាណិជ្ជកម្ម
និងការផ្គត់ផ្គង់ថាមពលសកលហួសពីតំបន់ឈូងសមុទ្រ។
អ៊ីរ៉ង់បានបង្ហាញពីអំណាចរបស់ខ្លួនរួចទៅហើយតាមរយៈការរំខានចរាចរណ៍នៅហ័រមូស
ហើយពេលនេះពួកគេហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកចំណុចដាក់សម្ពាធទីពីរនៅ Bab
el-Mandeb ដែលជាផ្លូវទឹកតូចចង្អៀតតភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអាដែន
(Gulf of Aden) ជាទីដែលប្រេងនាំចេញរបស់អារ៉ាប៊ីសាអូឌីត
និងនាវាដឹកជញ្ជូនសកលមួយភាគធំតែងតែឆ្លងកាត់។
មន្ត្រីជាន់ខ្ពស់យេម៉ែន លោក ម៉ូហាំម៉ាត់
អាល់ហ្វារ៉ា (Mohammed al-Farah) បានព្រមានកាលពីថ្ងៃចន្ទថា
កងកម្លាំងយេម៉ែនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបិទច្រកសមុទ្រ Bab
el-Mandeb ប្រសិនបើអារ៉ាប៊ីសាអូឌីតនៅតែបន្តវាយប្រហារយេម៉ែន។
លោកបានសង្កត់ធ្ងន់ថា ទង្វើនេះអាចរុញច្រានតម្លៃប្រេងឱ្យហក់ឡើងដល់
២០០ដុល្លារក្នុងមួយធុង។ លោកបានចោទប្រកាន់ថា
ទីក្រុងវ៉ាស៊ីនតោនកំពុងញុះញង់អារ៉ាប៊ីសាអូឌីតឱ្យវាយប្រហារយេម៉ែន
ដែលនេះមិនមែនជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកឡើយ។ លោកបានព្រមានថា៖ «ប្រសិនបើស្ថានភាពបច្ចុប្បន្នកាន់តែដុនដាប
ច្រកសមុទ្រទាំងពីរនេះនឹងត្រូវបិទទាំងស្រុងក្នុងសម្ព័ន្ធភាពប្រតិបត្តិការតែមួយ»។
ក្រុមអ្នកវិភាគបានវាយតម្លៃថា
ប្រសិនបើច្រកសមុទ្រហ័រមូសគឺជាឧបករណ៍យុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ នោះច្រក Bab
el-Mandeb អាចជាអាវុធបម្រុងចុងក្រោយរបស់ខ្លួន។ លោក ហ្វាវ៉ាស
ហ្គើកស៍ (Fawaz Gerges) អ្នកប្រាជ្ញផ្នែកមជ្ឈិមបូព៌ា
បានប្រាប់ Reuters ថា «អ៊ីរ៉ង់មានឆន្ទៈក្នុងការធ្វើរឿងនេះរហូតដល់ទីបញ្ចប់»។ លោកបានពន្យល់ថា ទីក្រុងតេហេរ៉ង់កំពុងបង្ហាញប្រាប់វ៉ាស៊ីនតោនថា
ខ្លួនអាចគំរាមកំហែងច្រកសមុទ្រទាំងពីរនេះក្នុងពេលតែមួយ
ដែលនេះនឹងប្រែក្លាយជម្លោះទ្វេភាគី
ឱ្យទៅជាការប្រឈមមុខដាក់គ្នាដែលគំរាមកំហែងដល់ផ្លូវសមុទ្រ ដែលទ្រទ្រង់ពាណិជ្ជកម្មថាមពលសកលទាំងមូល៕

Post a Comment