សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រិនៃកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ដំណើររបំពេញទស្សនកិច្ចការងារនេះ
បានធ្វើឡើងដោយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រិនៃកម្ពុជា នឹងមានជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង
នាយករដ្ឋមន្ត្រីចិន។
សេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា
ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្ដេជ្ញារួមគ្នារវាងកម្ពុជា និងចិន
ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង
និងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល់ប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានោះ
ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត
ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ
លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម
កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ក្នុងឱកាសទស្សនកិច្ចនេះ សម្ដេចធិបតី
នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦
ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត
ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០២៦។ សម្តេចក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ៕

Post a Comment