ត្រាំ ចាប់ផ្ដើមបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើងវិញ គំរាមវាយប្រហារកម្ទេចរោងចក្រថាមពល
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តការបិទខ្ទប់ឡើងវិញលើ កំពង់ផែអ៊ីរ៉ង់ ហើយគំរាមថានឹងវាយប្រហារកម្ចេចរោងចក្រថាមពល និងស្ពាននៅសប្ដាហ៍ក្រោយ ប្រសិនបើតេហេរ៉ង់មិនចាប់ផ្ដើមកិច្ចចរចាឡើងវិញទេនោះ។
ក្នុងថ្ងៃជាមួយគ្នា
យោធាអាមេរិកក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារជុំថ្មីមួយ ដើម្បីបំបាក់សមត្ថភាពកុំឱ្យអ៊ីរ៉ង់បន្តការវាយប្រហារលើកប៉ាល់ដឹកទំនិញ
ក្នុងតំបន់ច្រកសមុទ្រ Hormuz។
អ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពី
សង្រ្គាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងជាថ្មីកាលពីសប្ដាហ៍មុន
ធ្វើបទឈប់បាញ់ដែលមានផុយស្រួយស្រាប់ដែលភាគីទាំង២ បានឈានដល់កាលពីខែមិថុនាដួលរលំ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Special
Report with Bret Baier របស់ទូរទស្សន៍ Fox News កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងទុកការវាយប្រហារលើរោងចក្រថាមពលជាជម្រើសចុងក្រោយ។
ប៉ុន្តែនៅចុងបញ្ចប់យើងនឹងវាយប្រហារលើរោងចក្រថាមពល»។
លោកប្រធានាធិបតីអាមេរិកក៏បានគំរាមដែរថាសហរដ្ឋអាមេរិកអាចនឹងវាយប្រហារលើ
រោងចក្រថាមពល និងស្ពានក្នុងប្រទេសអ៊ីរ៉ង់នៅសប្ដាហ៍ក្រោយ ប្រសិនបើតេហេរ៉ង់
មិនព្រមត្រឡប់រកតុចរចា ហើយចាប់ផ្ដើមកិច្ចចរចាឡើងវិញទេនោះ។
ជាការសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក
អ៊ីរ៉ង់នៅថ្ងៃពុធ ទី១៥ ខែកក្កដា បានអះអាងថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូន
លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ព្រមទាំងវាយប្រហារលើប្រព័ន្ធអាវុធ
និងឃ្លាំងស្ដុកអាវុធក្នុងប្រទេសបារ៉ែន និងកូវ៉ែតផងដែរ៕ (Reuters)

Post a Comment